ខេត្តសៀមរាប៖ ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ២ (H-EQIP 2)។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យបង្អែកស្រុក និងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសរំលេចអំពីចំណុចសំខាន់ៗជាច្រើនដោយក្នុងនោះឯកឧត្តមបានសង្កត់ធ្ងន់ទៅលើ ៣ចំណុចខាងក្រោម ដែលសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់៖
១)ខិតខំត្រង់ត្រាប់ស្ដាប់ និងទទួលយកនូវចំណេះជំនាញថ្មីៗ ពីគ្រូបង្គោលថ្នាក់ជាតិដែលមានបទពិសោធន៍យូរឆ្នាំចែករំលែកក្នុងវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ
២)បន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ត្រូវមានឆន្ទៈ និងមនសិការទទួលខុសត្រូវកាន់តែខ្ពស់ និងរស់រវើក ពោរពេញទៅដោយការសន្តោសមេត្តាករុណាទៅដល់គ្រប់អ្នកជំងឺទាំងអស់ដែលមកទទួលសេវាព្យាបាល
៣)សិក្ខាកាមទាំងអស់ដែលទទួលបានចំណេះជំនាញដ៏ល្អប្រសើរថ្ងៃនេះ ត្រូវធ្វើការចែករំលែកទៅដល់សហភាតរៈ ដែលជាបុគ្គលិកសុខាភិបាលដូចគ្នានៅតាមមន្ទីរពេទ្យរៀងៗខ្លួន ដើម្បីជួយគ្នាក្នុងការបម្រើសេវាសង្គ្រោះបន្ទាន់នេះឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន ៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន ១ថ្ងៃ អនុវត្តនៅលើម៉ានីកាំងចំនួន ១ថ្ងៃ និងមានការអញ្ជើញចូលរួមពី នាយកដ្ឋានសេវាសុខភាព មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប មន្ទីរពេទ្យខេត្តសៀមរាប ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប សិក្ខាកាមចូលរួមសរុបចំនួន ៨៤រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ក្នុងខេត្តព្រះសីហនុ កំពត កោះកុង បាត់ដំបង ព្រះវិហារ កំពង់ឆ្នាំង រតនគិរី តាកែវ កណ្តាល និងខេត្តសៀមរាប។