Cambodia
ព័ត៌មានលំអិត

Image
បេសកកម្មជំរុញការអនុវត្ត PHC-BIF គំរូ នៅក្នុងខេត្តបាត់ដំបង
ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប ឬ PHC-BIF) ថ្នាក់ជាតិ បានអញ្ជើញដឹកនាំក្រុមការងារចុះបំពេញបេសកកម្មនៅខេត្តបាត់ដំបង។

បេសកកម្មនេះ ផ្ដោតសំខាន់លើការចុះពិនិត្យស្ថានភាពអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន និងជំរុញការរៀបចំផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ក្នុងការបង្កើតស្រុកអនុវត្តក្របខ័ណ្ឌ PHC-BIF គំរូ (Model) នៅក្នុងភូមិសាស្ត្រស្រុកប្រតិបត្តិ (OD) បាត់ដំបង ដោយមានជំនួយបច្ចេកទេសយ៉ាងជិតស្និទ្ធពីអង្គការមូលនិធិថែទាំសុខភាពអន្តរជាតិ នៃប្រទេសកូរ៉េ (KOFIH)។

ក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃវឌ្ឍនភាពការងារយ៉ាងស៊ីជម្រៅជាមួយថ្នាក់ដឹកនាំខេត្តតំណាងដោយ ឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្ត ដែលដឹកនាំដោយឯកឧត្តមឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត។

ទន្ទឹមនឹងនេះ ក្រុមបេសកកម្ម បានចុះជួបពិភាក្សាផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន PHC-BIF ថ្នាក់ស្រុក គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) និងតំណាងអង្គការ KOFIH តាមរយៈការជួបប្រជុំនៅតាមទីតាំងគោលដៅសំខាន់ៗ រួមមានមណ្ឌលសុខភាពសខេង កំពីងពួយ សាលាស្រុកបាណន់ និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង។

លោកជំទាវវេជ្ជបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីសហការយ៉ាងសកម្មរបស់មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសស្រុកបាណន់ ដែលត្រូវបានជ្រើសរើសជា PHC-BIFស្រុកគំរូ(Model) ហើយក្រុមការងារថ្នាក់ស្រុកបាណន់បានទទួលយកការធ្វើការជំរុញការអនុវត្ត PHC-BIF ជាស្រុកគំរូ ក្នុងការដឹកនាំនិងជំរុញការអនុវត្តPHC-BIF ដ៏មានសារៈសំខាន់នេះឱ្យលេចចេញជាលទ្ធផលជាក់ស្តែង។

សូមបញ្ជាក់ផងដែរថា ក្រុមការងារនឹងបន្តបេសកកម្មឆ្ពោះទៅខេត្តពោធិ៍សាត់នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19