រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូ នៃស្ថានទូតសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Andrew Leyva ទីប្រឹក្សានយោបាយ និងសេដ្ឋកិច្ច (Political and Economic Counsellor) និងលោកស្រី Sara Klucking ប្រធានការិយាល័យជំនួយសុខភាពក្នុងតំបន់ (Regional Health Assistance Office Director) និងជាអ្នកសម្របសម្រួល PEPFAR សម្រាប់តំបន់អាស៊ី (PEPFAR Regional Coordinator for Asia) ដើម្បីពិភាក្សាអំពីផែនការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទើបបានចុះហត្ថលេខាថ្មីៗនេះ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើផែនការអនុវត្តកិច្ចសហប្រតិបត្តិការ រួមមាន៖ ការរៀបចំផែនទីបង្ហាញផ្លូវ (implementation roadmap) និងពេលវេលាអនុវត្ត ការកំណត់តួនាទី និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ ការរៀបចំក្រុមការងារបច្ចេកទេស ព្រមទាំងការពិភាក្សាអំពីយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការនាពេលអនាគត លើវិស័យជំងឺឆ្លង និងសន្តិសុខសុខភាពសាធារណៈ។
ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ការត្រៀមបង្ការ និងឆ្លើយតបជំងឺឆ្លង និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស និងភាពជាដៃគូយូរអង្វែង។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការបង្ការ និងគ្រប់គ្រងជំងឺអេដស៍ របេង គ្រុនចាញ់ និងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលសាធារណៈ ព្រមទាំងបានសម្តែងសេចក្តីសង្ឃឹមថា ការអនុវត្តអនុស្សរណៈថ្មីនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងអាទិភាពសុខាភិបាលជាតិរបស់ប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកអគ្គលេខាធិការរង លោកអគ្គនាយករងបច្ចេកទេសសុខាភិបាល ឯកឧត្តមប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកស្រីប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងតំណាងអង្គភាពអនុវត្តគម្រោង រួមមាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ បាណកសាស្រ្ត និងបារាស៊ិតសាស្រ្ត និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ។