ទីក្រុងហ្សឺណែវ ប្រទេសស្វីស៖ ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបើកដំណើរការសសរស្តម្ភ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាលសាធារណៈ និងមន្ទីរពិសោធន៍ ការស្វែងយល់សម្រាប់ការត្រៀមលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។
ប្រធានបទនេះផ្តោតលើ៖ «ការផ្លាស់ប្តូរការសិក្សា និងបទពិសោធន៍រវាងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងមូលដ្ឋានសុខាភិបាលសាធារណៈ ដែលចាំបាច់សម្រាប់ដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) ក្នុងការកែលម្អលទ្ធផលសុខភាពសម្រាប់ប្រជាជនទាំងអស់»។
កិច្ចប្រជុំបើកដំណើរការសសរស្តម្ភបញ្ញាសិប្បនិម្មិត (AI) លើកដំបូង បានប្រមូលផ្តុំក្រសួងសុខាភិបាល និងក្រសួងបច្ចេកវិទ្យាព័ត៌មាន អង្គការសុខាភិបាលសាធារណៈតំបន់ និងដៃគូពីបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទូទាំងពិភពលោក ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ សម្រាប់ប្រទេសនានា បង្ហាញបទពិសោធន៍ជាក់ស្តែងតាមប្រទេស និងតំបន់ និងចាប់ផ្តើមជាវេទិកាបន្តសម្រាប់ការផ្លាស់ប្តូរការសិក្សារវាងប្រទេសកំពុងអភិវឌ្ឍន៍លើ AI។ កិច្ចប្រជុំនេះសហការរៀបចំដោយ៖ Vital Strategies, Pan American Health Organization (PAHO), Africa CDC, និង WHO Regional Office for Africa មានការចូលរួម៣០រូប ពីបណ្តាប្រទេសនានា។
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានផ្តល់ការចែករំលែកពីវឌ្ឍនភាព និងផែនការយុទ្ធសាស្រ្តអាទិភាពសំខាន់ៗរបស់ក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះគម្រោងនេះ និងស្វាគមន៍រាល់ជំនួយឧបត្ថម្ភរបស់ Vital Strategies និងដៃគូរអភិវឌ្ឍទាំងឡាយដើម្បីលើកកម្ពស់ប្រព័ន្ធសុខាភិបាលសាធារណៈជាតិ។