ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៦
ខេត្តត្បូងឃ្មុំ៖ ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ។
ការចុះអភិបាលនេះមានគោលបំណងជួយគាំទ្រ លើផែនការសម្មភាពរបស់មន្ទីរពេទ្យ និងជួយពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ ផ្នែកពិគ្រោះជំងឺក្រៅ និងលំហូរអ្នកជំងឺនៅក្នុងមន្ទីពេទ្យទាំងមូល រួមនឹងការពិនិត្យពង្រឹងសោភ័ណ្ឌភាពទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋានរបស់បុគ្គលិក ។
នៅក្នុងដំណើរចុះអភិបាលគាំទ្រនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការចុះពិនិត្យនៅតាមទីតាំងបម្រើសេវារបស់មន្ទីរពេទ្យ និងបានចូលសាកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបម្រើការងារនៅមន្ទីរពេទ្យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាការណែនាំ និងអនុសាសន៍មួយចំនួន ទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តពង្រឹងការបម្រើសេវា ដូចជាការពន្លឿនសេវាឱ្យបានឆាប់រហ័ស និងមានគុណភាពកាន់តែល្អប្រសើរ ហើយបុគ្គលិកសុខាភិបាល នៅពេលផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋត្រូវរួសរាយរាក់ទាក់ ប្រកបដោយស្នាមញញឹម និងក្រមសីលធម៌វិជ្ជាជីវៈ។ បន្ថែមពីនេះត្រូវបន្តយកចិត្តទុកដាក់ក្នុងការថែទាំអនាម័យ បរិស្ថាន និងការពារការចម្លងរោគនៅគ្រប់ទីតាំងបម្រើសេវា ជាពិសេសនៅក្នុងផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងផ្នែកវះកាត់។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យក៏ដូចជាក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ក្នុងការបម្រើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។