Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រ ក្រោយបណ្តុះបណ្តាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យស្រុក​ ចំនួន ២ ក្នុងខេត្តកំពត។

ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៦

ខេត្តកំពត​៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះអភិបាលគាំទ្របច្ចេកទេស ការបម្រើដល់សេវាការពិនិត្យ ព្យាបាលរបួស​ ជំងឺ ជាពិសេស នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ ក្នុងមន្ទីរពេទ្យចំនួន២ ក្នុងខេត្តកំពត។

ជារួម មានមន្ទីរពេទ្យបង្អែក​កំពង់ត្រាច និងមន្ទីរពេទ្យបង្អែកឈូក បានពិនិត្យលំហូរ សេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងពិនិត្យនីតិវិធីស្តង់ដា នៃប្រព័ន្ធបញ្ជូនអ្នកជំងឺ អមដំណើរដោយក្រុមការងារបច្ចេកទេស វេជ្ជបណ្ឌិតក្រុមការងារនាយកដ្ឋានសេវាសុខាភិបាល ​ ជាគ្រូបង្គោលមកពីមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពីប្រធាន​​ អនុប្រធានមន្ទីរពេទ្យ​​ ប្រធានការិយាល័យស្រុកប្រត្តិបត្តិក្រុមគ្រូពេទ្យកំពុងបំរើការងារក្នុងផ្នែកសង្រ្គោះបន្ទាន់ និងសល្យាគារ​​ជាច្រើនបានចូលរួមជាច្រើនផងដែរ។
 
កន្លងមកតាមរយៈការបណ្តុះបណ្តាល និងអភិបាលគាំទ្រជាបន្តបន្ទាប់ ក្រសួងសុខាភិបាល មានគោលបំណងលើកកម្ពស់គុណភាពសេវាសង្គ្រោះបន្ទាន់ កាត់បន្ថយអត្រាមរណភាព និងផលវិបាក ព្រមទាំងពង្រឹងប្រសិទ្ធភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាលកម្ពុជា ការពង្រឹងប្រព័ន្ធសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ គឺជាអាទិភាពសំខាន់របស់ក្រសួងសុខាភិបាល ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសង្គ្រោះបន្ទាន់ ប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលា។ កម្មវិធីនេះផ្តោតលើការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ការអនុវត្តនីតិវិធីស្តង់ដារ ការគ្រប់គ្រងរថយន្តគិលានសង្គ្រោះ និងការសម្របសម្រួលប្រព័ន្ធបញ្ជូនអ្នកជំងឺ រវាងគ្រឹះស្ថានសុខាភិបាលគ្រប់កម្រិត​​ ដោយផ្តោតលើការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ផ្នែកសង្គ្រោះបន្ទាន់ លើកកម្ពស់គុណភាពសេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យមានភាពរហ័ស និងសុវត្ថិភាព បង្កើនការសម្របសម្រួលរវាងមន្ទីរពេទ្យគ្រប់កម្រិត ពង្រឹងសមត្ថភាពឆ្លើយតបគ្រោះអាសន្ន និងគ្រោះមហន្តរាយ កាត់បន្ថយអត្រាមរណភាព និងផលវិបាកពីការពន្យារពេលទទួលសេវាសង្គ្រោះបន្ទាន់ លើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធសុខាភិបាលសាធារណៈ។
 
នៅក្នុងបរិបទស្ថានភាពបច្ចុប្បន្ន ដែលប្រទេសជាតិកំពុងប្រឈមមុខនឹងសកម្មភាពឈ្លានពានពីភាគីថៃមកលើអធិបតេយ្យភាព និងបូរណភាពដែនដី មន្ទីរពេទ្យបង្អែកស្រុកមានតួនាទីយ៉ាងសំខាន់ជាកម្លាំងគាំទ្រផ្នែកសុខាភិបាល ដើម្បីជួយដល់មន្ទីរពេទ្យនៅតាមបណ្តោយព្រំដែន ក្នុងការត្រៀមទទួល និងសង្គ្រោះព្យាបាលជនរងគ្រោះ ព្រមទាំងធានានិរន្តរភាពនៃការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ អនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយស្មោះស្ម័គ្រ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13

រូបភាព Gallery
1 / 1
Gallery image