Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រគល់ទទួលថវិកាវិភាគទានសប្បុរសធម៌ ចំនួន ១លានដុល្លាអាមេរិក ពីកាកបាទក្រហមកម្ពុជា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៦

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ទទួលថវិកា វិភាគទានសប្បុរសធម៌ ចំនួន ១លានដុល្លារអាមេរិក ពីកាកបាទក្រហមកម្ពុជា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានមតិស្វាគមន៍ដ៏កក់ក្តៅក្នុងមនោសញ្ចេតនា ប្រកបដោយព្រហ្មវិហាធម៌ មាតាធម៌ ដែលជានិច្ចកាលតែងតែគិតគូរដល់សុខុមាលភាព សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី ទារក និងកុមារ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ក្រសួង ដែលកំពុងខិតខំពង្រឹងប្រព័ន្ធសុខាភិបាល ឱ្យកាន់តែមានគុណភាព សមត្ថភាព ប្រកបដោយស្មារតីបុរេសកម្ម និងនវានុវត្តន៍ ក្នុងការបម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋ ដែលសម្តេច ចាត់ទុកថាគឺជាភាពជាអ្នកដឹកនាំឈរលើស្ថានភាពជាក់ស្តែង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែចុះពិនិត្យ និងសួរសុខទុក្ខផ្ទាល់ ដល់ស្ទើរគ្រប់មូលដ្ឋានសុខាភិបាល ហើយបានមើលឃើញថាបុគ្គលិកសុខាភិបាល បានខិតខំប្រឹងប្រែងអនុវត្តការងារបានយ៉ាងល្អ ក្នុងការបម្រើសេវាថែទាំព្យាបាល ២៤ម៉ោងលើ ២៤ម៉ោង ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ «វត្តមានគ្រូពេទ្យនៅនឹងគ្រែអ្នកជំងឺ» ហើយនេះជាកត្តា ក្នុងការបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីគោរពអរគុណ និងដឹងគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជាសហប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងធំធេង ដើម្បីសុខុមាលភាព ប្រជាពលរដ្ឋ និងសុខភាពកុមារទៅថ្ងៃអនាគត។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា ថវិការបស់កាកបាទក្រហម ដែលបានជូនទៅមន្ទីរពេទ្យគន្ធបុប្ផានេះ ពិតជាមានតម្លៃសម្រាប់សង្គ្រោះជីវិតកុមារ និងស្ត្រីមានផ្ទៃពោះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចនូវទស្សនទានមួយឃ្លាថា៖ «មានគំនិតច្នៃប្រឌិត ក្នុងភាពក្លាហាន មិនបោះបង់គោលបំណងងាយ និងមានថ្នាក់ដឹកនាំគាំទ្រពីក្រោយ យើងនឹងសម្រេចបានលទ្ធផល»។

ជាទីបញ្ចប់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍រំលឹក និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ រក្សាឱ្យបាននូវគុណធម៌ ទឹកចិត្តមេត្តា ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសទារក និងកុមារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឥរិយាបថល្អ ទាំងកាយវិកាយវាចាចិត្ត «ត្រូវចាត់ទុកអ្នកជំងឺជាសាច់ញាតិរបស់យើង» ដែលជាកត្តាជំរុញផ្លូវចិត្តដ៏សំខាន់ ដើម្បីលើកទឹកចិត្តដល់អ្នកជំងឺឱ្យមានភាពកក់ក្តៅ ឱ្យឆាប់ជាសះស្បើយ បន្ថែមពីលើសមត្ថភាព និងគុណភាពបច្ចេកទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image