Cambodia
ព័ត៌មានលំអិត

Image
កម្ពុជាសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥​ មុនកាលកំណត់សម្រាប់ឆ្នាំ២០៣០ ក្នុងក្របខណ្ឌការបញ្ចប់អេដស៍ជាការគំរាមកំហែងសុខភាពសាធារណៈ។

ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោកស្រី Patricia Ongpin ប្រធានអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។
 
ក្នុងជំនួបនេះ លោកស្រី Patricia Ongpin បានសម្តែងការអបអរសាទរ ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ជាពិសេសការសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងសុខាភិបាល និងកិច្ចសហការល្អរវាងដៃគូពាក់ព័ន្ធទាំងអស់។
 
លោកស្រីប្រធានអង្គការ UNAIDS ក៏បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីផែនការ និងការត្រៀមរៀបចំសម្រាប់ការផ្តល់សុពលភាព និងការទទួលស្គាល់ជាផ្លូវការ ចំពោះសមិទ្ធផលរបស់កម្ពុជា ក្នុងការសម្រេចគោលដៅ ៩៥-៩៥-៩៥ ស្របតាមស្តង់ដារ និងគោលការណ៍ណែនាំអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានជម្រាបជូនអំពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលគ្រោងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីប្រកាស និងផ្តល់ការទទួលស្គាល់ជាផ្លូវការ ចំពោះសមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ ជូនព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ UNAIDS ដែលបានគាំទ្រកម្ពុជា យ៉ាងជិតស្និទ្ធ និងបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ ទាំងផ្នែកបច្ចេកទេស ការតស៊ូមតិ និងការចលនាធនធាន ក្នុងការបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផល ដែលកម្ពុជាសម្រេចបាននាពេលនេះ គឺជាលទ្ធផលនៃភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ និងការប្តេជ្ញាចិត្ត រួមក្នុងការធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមភាព គ្មានការរើសអើង។ ការសម្រេចបានគោលដៅ ៩៥-៩៥-៩៥ គឺជាសក្ខីភាពយ៉ាងច្បាស់នៃវឌ្ឍនភាព និងប្រសិទ្ធភាពនៃកម្មវិធីជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ព្រមទាំងបានបង្ហាញថា កម្ពុជាកំពុងដើរលើមាគ៌ាត្រឹមត្រូវ ឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ២០៣០។
 
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការបន្តប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបញ្ចប់ជំងឺអេដស៍ ជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ២០៣០ តាមរយៈការពង្រឹងការធ្វើសមាហរណកម្មសេវាបង្ការ ធ្វើតេស្ត និងព្យាបាលអេដស៍ ទៅក្នុងប្រព័ន្ធសុខាភិបាល ការពង្រីកសេវា PrEP ការធ្វើតេស្តដោយខ្លួនឯង ការពង្រឹងប្រព័ន្ធសហគមន៍ និងការបង្កើននិរន្តភាពហិរញ្ញប្បទានសម្រាប់កម្មវិធីអេដស៍នៅកម្ពុជា។
 
សូមបញ្ជាក់ជូនថា គោលដៅ ៩៥-៩៥-៩៥ គឺជាគោលដៅសកលរបស់អង្គការ UNAIDS ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ២០៣០។ គោលដៅនេះ មានន័យថា៖
- ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវដឹងពីស្ថានភាពផ្ទុកមេរោគរបស់ខ្លួន
- ៩៥% នៃអ្នកដែលដឹងថាខ្លួនផ្ទុកមេរោគអេដស៍ ត្រូវទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART)
- ៩៥% នៃអ្នកដែលកំពុងទទួលការព្យាបាល ត្រូវមានបរិមាណមេរោគក្នុងឈាមទាបខ្លាំង (viral suppression) ដែលអាចជួយឱ្យមានសុខភាពល្អ និងកាត់បន្ថយការចម្លងមេរោគទៅអ្នកដទៃ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image