ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការសិក្សារៀនសូត្ររវាងមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ។
ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានរំលឹកឡើងវិញនូវក្រមសីលធ៌មសម្រាប់ប្រជុំរបស់គណៈកម្មការMPDSR ដោយសង្កត់ធ្វន់លើ វប្បធម៍នៃការមិនស្តីបន្ទោស (No Blame Culture) ប៉ុន្តែប្រកាន់ភ្ជាប់នូវការទទួលខុសត្រូវខ្ពស់ និងមានគណនេយ្យភាព (Accountability)។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពង្រឹងសេវាសុខភាពមាតា និងទារក រវាងមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យសម្ព័ន្ធមេត្រី ក្រុងព្រះសីហនុ មន្ទីរពេទ្យខេត្តបាត់ដំបង និងមន្ទីរពេទ្យខេត្តកំពង់ចាម។ តាមរយៈការពិភាក្សារួមគ្នាលើរបាយការណ៍ ទម្រង់ការយឺតយ៉ាវទាំង៣ (3 Delays) អង្គប្រជុំក៏បានរកឃើញនូវចំនុចដែលបានធ្វើបានល្អ និងចំណុចខ្លះទៀត ដែលត្រូវធ្វើការកែលម្អ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងការជួយជីវិតមាតា និងទារក ក៏ដូចជាការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប និងដើម្បីឈានទៅដល់ការរៀបចំផែនការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាផ្នែកសម្ពពកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបន្តក្រើនរំលឹកពីសារៈសំខាន់នៃការងារ MPDSR ដែលជាការងារគន្លឹះ និងជាអាទិភាពចម្បង របស់ក្រសួងសុខាភិបាល រួមមាន៖ (១)មូលហេតុចម្បងនៃមរណភាពមាតា និងទារក (២)ពង្រឹងភាពយឺតយ៉ាវចម្បងដែលបានរកឃើញគឺ ភាពយឺតយ៉ាវទី៣ (Delay 3) រឺការយឺតយ៉ាវក្នុងការផ្តល់សេវាដែលសមស្រប (៣)បង្រ្គប់ និងពង្រឹងសមត្ថភាពធនធាន ក្នុងការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព (៤)ថ្នាក់ដឹកនាំមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកិច្ចសហការណ៍ រវាងបុគ្គលិកសុខាភិបាលទាំងអស់ដែលពាក់ព័ន្ធ (ផ្នែកសម្ភព ផ្នែកប្រពោធនកម្មទារក ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកថ្នាំសណ្តំ) និង(៥)ថ្នាក់ដឹកនាំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ភាពជោគជ័យ នៃការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប និងការលើកកម្ពស់គុណភាពសេវាសម្ពព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប គណៈកម្មការថ្នាក់មន្ទីរពេទ្យជាតិ និងគណៈកម្មការថ្នាក់មន្ទីរពេទ្យខេត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធនិម្មិត zoom សរុបចំនួន ១៦៥រូប។