ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកជំងឺមហារីកមាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្ដុះបណ្ដាលស្តីពីការពិនិត្យព្យាបាលមាត់ស្បូនដោយប្រើ COLPOSCOPY, THERMAL ABBLATION និង LEEP សម្រាប់គ្រូពេទ្យមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) និងអង្គការ JICA បានរៀបរៀង បកប្រែជាភាសារអង់គ្លេស និងបោះពុម្ពសៀវភៅមគ្គុទេសក៍សម្រាប់ការគ្រប់គ្រងពិនិត្យព្យាបាលជំងឺមហារីកមាត់ស្បូន ដោយ Colposcopy, Thermal ablation និង LEEP ប្រគល់ជូនក្រសួងសុខាភិបាល។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពជំនាញបច្ចេកទេសបន្ថែមដល់គ្រូពេទ្យមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយសមត្ថិភាពនិងទំនុកចិត្ត។ វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ គ្រូពេទ្យនឹងទទួលបាននូវចំណេះដឹងទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង អំពីការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ដោយផ្អែកលើស្ដង់ដាវិជ្ជាជីវៈ និងគោលការណ៍ណែនាំជាតិ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្រ្តាចារ្យ បានផ្តល់នូវអនុសាសន៍មួយចំនួន៖
-សិក្ខារកាមទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនយកចំណេះដឹងទាំងទ្រឹស្តី ការអនុវត្តផ្ទាល់លើសំណាក (Hands-on) និងការអនុវត្តផ្ទាល់លើស្ត្រី
-យកចំណេះដឹងទាំងនេះ (Colposcopy, Thermal ablation, and LEEP) ទៅប្រើនៅក្នុងមន្ទីរពេទ្យរបស់លោកគ្រូ អ្នកគ្រូ
-ពង្រឹងនិងរក្សានូវក្រមសិលធម៌វិជ្ជាជីវៈ រក្សាការសម្ងាត់ជូនដល់អតិថិជន
-តាមដាន វាយតម្លៃ គ្រប់មន្ទីរពេទ្យ និងត្រូវរាយការណ៍មកនាយកដ្ឋានការពារសុខភាព នៃក្រសួង
សុខាភិបាលរៀងរាល់ខែ។
វគ្គបណ្តុះបណ្តាលនេះ គឺជាជំហានសំខាន់មួយ ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយអត្រាជំងឺ និងមរណភាពដោយសារជំងឺមហារីកមាត់ស្បូននៅកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករងបច្ចេកទេសុខាភិបាល ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួងសសុខាភិបាល ឯកឧត្តមប្រធានសមាគមន៍សម្ភព និងរោគស្រ្តីកម្ពុជា លោកគ្រូ អ្នកគ្រូ ដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យថ្នាក់ខេត្ត ក្រុមការងារនាយកដ្ឋានការពារសុខភាព តំណាងJICA ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក សរុបចំនួន ៥៥រូប។