Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការបម្រើសេវាសុខភាពបឋម នៅមណ្ឌលសុខភាពចំនួន ២០ ក្នុងខេត្តកំពង់ចាម ជុំទី៣ ឆ្នាំ២០២៦។

ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពមណ្ឌលសុខភាពចំនួន ២០ ស្ថិតក្នុងស្រុកប្រតិបត្តិចំនួន៤ រួមមាន ស្រុកប្រតិបត្តិជើងព្រៃ ព្រៃឈរ ស្រីសន្ធរ និងចំការលើ។

ការចុះពិនិត្យជុំទី ៣ នេះមានគោលបំណងតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការពង្រឹង និងការបម្រើសេវាសុខភាពបឋម នៅតាមមណ្ឌលសុខភាព ព្រមទាំងកំណត់អត្តសញ្ញាណចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដើម្បីផ្តល់អនុសាសន៍គន្លឹះសម្រាប់កែលម្អ និងលើកកម្ពស់គុណភាពសេវាសុខាភិបាល គោលដៅធានាឱ្យការបម្រើសេវា ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព សមធម៌ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត បានផ្តល់អនុសាសន៍ដល់ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម សម្រាប់អនុវត្តសកម្មភាពការងារ ក្នុងឆ្នាំ២០២៦ ដោយផ្តោតលើការពិនិត្យ និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានទូទៅ ការគ្រប់គ្រងសម្ភារៈបរិក្ខារពេទ្យ ការគ្រប់គ្រងឱសថ និងវ៉ាក់សាំង ស្ថានភាពធនធានមនុស្ស គុណភាពនៃការបម្រើសេវា ឥរិយាបថបុគ្គលិកសុខាភិបាល គុណភាពសេវាសុខភាពបឋម និងការពង្រឹងយន្តការអភិបាលកិច្ចនៅមូលដ្ឋាន ដើម្បីធានាឱ្យមានការកែលម្អជាបន្តបន្ទាប់ និងមាននិរន្តរភាព។

ឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ ក៏បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងបូកសរុបលទ្ធផលការងារជាមួយថ្នាក់ដឹកនាំមន្ទីរ និងប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៩ តាមប្រព័ន្ធនិមិត្ត ដើម្បីពិភាក្សាលើលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារបន្ត។
 
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកឡើងវិញនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល (Universal Health Coverage - UHC) នៅឆ្នាំ២០៣៥ ដោយផ្តោតលើការពង្រីកការគ្របដណ្ដប់ការការពារសង្គម ផ្នែកសុខភាពឱ្យបាន ៨០% នៃប្រជាជន ការពង្រីកការទទួលបានសេវាសុខភាពសារវន្តឱ្យបាន ៨០% និងការកាត់បន្ថយការចំណាយប្រាក់ពីហោប៉ៅរបស់ប្រជាពលរដ្ឋលើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥%។

ជាលទ្ធផល ក្រុមការងារបានសង្កេតឃើញថា មណ្ឌលសុខភាពភាគច្រើនក្នុងខេត្តកំពង់ចាម កំពុងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ដោយសារការខិតខំបំពេញការងារបម្រើសេវាប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។ ជាពិសេស ក្រោមការដឹកនាំ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ខេត្តកំពង់ចាមត្រូវបានចាត់ទុកជាខេត្តគំរូមួយ ក្នុងការអនុវត្ត និងជំរុញការថែទាំសុខភាពបឋមនៅកម្រិតមូលដ្ឋាន។

មណ្ឌលសុខភាពទាំង ២០ ដែលបានចុះពិនិត្យរួមមាន៖
១.មណ្ឌលសុខភាពសំបូរ
២.មណ្ឌលសុខភាពជាលា
៣.មណ្ឌលសុខភាពផ្អាវ
៤.មណ្ឌលសុខភាពស្តើងជ័យ
៥.មណ្ឌលសុខភាពសំពងជ័យ
៦.មណ្ឌលសុខភាពមានជ័យ
៧.មណ្ឌលសុខភាពស្វាយពោធិ៍
៨.មណ្ឌលសុខភាពទងត្រឡាច
៩.មណ្ឌលសុខភាពប្រាំយាម
១០.មណ្ឌលសុខភាពព្រែកពោធិ៍
១១.មណ្ឌលសុខភាពព្រែកដំបូក
១២.មណ្ឌលសុខភាពបារាយណ៍
១៣.មណ្ឌលសុខភាពព្រែករំដេង
១៤.មណ្ឌលសុខភាពស្វាយសាច់ភ្នំ
១៥.មណ្ឌលសុខភាពជ័យយោ
១៦.មណ្ឌលសុខភាពល្វាលើ
១៧.មណ្ឌលសុខភាពចំការកៅស៊ូចំការអណ្ដូង
១៨.មណ្ឌលសុខភាពចំការអណ្ដូង
១៩.មណ្ឌលសុខភាពស្វាយទាប និង
២០.មណ្ឌលសុខភាពតាំងក្រង់។

ក្រសួងសុខាភិបាលនឹងបន្តពង្រឹងការតាមដាន អភិបាលគាំទ្រ និងការកែលម្អគុណភាពសេវាសុខភាពបឋមនៅទូទាំងប្រទេស ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព សមធម៌ និងអាចទុកចិត្តបាន ស្របតាមគោលដៅនៃការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

រូបភាព Gallery
1 / 1
Gallery image