Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ការតម្កល់ខ្ពស់សុខភាព សុខុមាលភាពប្រជាពលរដ្ឋ គឺជាបេសកកម្មរបស់សុខាភិបាល ដែលកម្លាំងស្មារតីមន្រ្តីសុខាភិបាលទាំងមូល បាននិងបន្តខិតខំយ៉ាងសកម្ម។ ដូច្នេះ យើងត្រូវបន្តពង្រឹងសមត្ថភាពខ្លួនយើងជាប់ជាប្រចាំ ដើម្បីបម្រើជូនប្រជាពលរដ្ឋគ្រប់រូប ឱ្យទទួលបានការការពារសុខភាព ការជួយសង្រ្គោះអាយុជីវិត ការថែទាំព្យាបាល ឱ្យអស់ពីសមត្ថភាពរបស់យើង»។

ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក Benjamin Chiang ភារធារីប្រចាំស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសន្និសីទ ស្តីពីវឌ្ឍនភាពនៃការតាមដាន និងឆ្លើយតបទៅនឹងមេរោគផ្តាសាយ និងមេរោគផ្លូវដង្ហើមនៅកម្ពុជា ក្នុងរយៈពេល ២០ឆ្នាំ ពីឆ្នាំ២០០៦ ​ដល់ឆ្នាំ២០២៦។
 
សន្និសីទថ្ងៃនេះ ជាព្រឹត្តិការណ៍សំខាន់មួយដែលបង្ហាញពីដំណើរ​របស់ប្រព័ន្ធសុខា​ភិ​បាល​កម្ពុជា ​លើផ្នែកបង្ការ និង​ទប់ស្កាត់​ជំងឺ​ឆ្លងជាពិសេសជំងឺឆ្លងតាមផ្លូវដង្ហើម។ សមិទ្ធផល​ ដែល​នឹង​​​លើក​យកមកបង្ហាញនាពេលនេះ បានកើតចេញមកពីការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិ​បត្តិការរវាងភាគីពាក់ព័ន្ធ ជាពិសេសរវាង​វិទ្យាស្ថាន​ជាតិសុខភាពសាធារណៈ នាយក​ដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា និងនាយក​ដ្ឋាន​ប្រយុទ្ធនឹង​ជំងឺ​ឆ្លង និង​ការពារ​នៃសហរដ្ឋអាម៉េរិក។
 
ការ​ពិនិត្យ​ឡើងវិញលើសមិទ្ធផល ដែលទទួលបានកន្លងមក ជាឱកាសដ៏មានតម្លៃ ក្នុងការឆ្លុះបញ្ចាំង ដើម្បីស្វែងយល់ពីកត្តាប្រឈម និងការកំណត់ទិសដៅ សម្រាប់​ការអង្កេតតាមដាន និងត្រៀមខ្លួនឆ្លើយតបទៅនឹងជំងឺផ្តាសាយ ក៏ដូចជាមេរោគផ្លូវដង្ហើមដទៃទៀត ដែលនឹងអាចបង្កការរាតត្បាតក្នុងប្រទេសកម្ពុជា ​ក៏ដូចជាប្រទេសដទៃទៀត នៅ​ក្នុងតំបន់​ និងនៅ​លើសកល​លោក​។ នៅក្នុងក្របខណ្ឌជីវៈសន្តិសុខពិភពលោក ពុំមានប្រទេសណាមួយដែលអាចគេចផុតពីកា​រ​​ផ្ទុះ​ជំ​ងឺ​ឆ្លងទេ បើសិនជាជំងឺឆ្លងកំពុងរាតត្បាតនៅក្នុងប្រទេសផ្សេងៗទៀតនោះ។ ការផ្ទុះជំងឺ​កូវីដ​​​-១៩ ជាឧទា​ហ​រណ៍​ថ្មីបំផុត ដែលយើងបានជួប និងឆ្លង​កាត់​​ការរាតត្បាតនេះ ដោ​យ​ផ្ទាល់ និងទទួលរង់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុខភាពផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច។
 
ដើម្បីទប់ស្កាត់ និងបង្ការជំងឺឆ្លង ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍​នានា ជាពិសេសអង្គការ US-CDC បានបង្កើតប្រព័ន្ធតាមដានជំងឺផ្តាសាយ ហើយ​បានកែ​ស​ម្រួ​ល​ប្រព័ន្ធ​នេះជា​បន្តបន្ទាប់ ​ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃមេរោគ​ដែល​កើតថ្មី និងមេរោគដែលរាត​ត្បាត​​​​ឡើង​វិញ​។ ជាលទ្ធផល ប្រទេសកម្ពុជាបានក្លាយទៅ​ជាតួអង្គ​សំខាន់​មួយ ​នៃ​យន្តការរបស់​អង្គកា​​រ​​សុខភាពពិភពលោក ដោយកម្ពុជាតែងតែ​ស្វែងរកវត្តមាននៃភ្នាក់ងារ​ចម្លងរោគ កំណត់​អត្ត​​សញ្ញាណមេរោគ និងចែករំលែកព័ត៌មាន ជាមួយ​អង្គការ​សុខភាព​ពិភព​លោក ដើម្បីជា​ប្រយោជន៍​​នៅក្នុង​ការងារទប់ស្កាត់ និងបង្ការជំងឺឆ្លង។
  
បច្ចុប្បន្ននេះប្រព័ន្ធតាមដានជំងឺផ្តាសាយ និងមេរោគផ្លូវដង្ហើមរបស់កម្ពុជា បានពង្រីកវិសាល​​​ភាពរបស់ខ្លួន សមត្ថភាពធ្វើរោគវិនិច្ឆ័យម៉ូលេគុល និងការធ្វើតេស្តលើហ្សែន (Genomic sequencing) និងមានប្រព័ន្ធគ្រប់គ្រងទិន្នន័យកាន់តែប្រសើរ។ បទពិសោធន៍កន្លងមកបានបង្ហាញយ៉ាងច្បាស់ថា នៅពេល​ដែល​យើង​មានប្រព័ន្ធតាមដា​នជំងឺដ៏រឹងមាំ គឺអាចជួយសង្គ្រោះអាយុជីវិតមនុស្ស ការពារសហគមន៍ ពង្រឹងសន្តិសុខសុខភាព និងគាំទ្រការអភិវឌ្ឍន៍ជាតិ។
 
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ជំងឺធ្ងន់ធ្ងរមានច្រើន តែជំងឺដែលកាចសហាវលឿនជាងគេប្រៀបដូចខ្យល់ គឺជាជំងឺផ្លូវដង្ហើម។ ដើម្បីចូលរួមក្នុងការពង្រឹងប្រព័ន្ធតាមដានជំងឺ និងមេរោគផ្លូវដង្ហើម ឱ្យ​កាន់​តែ​​​មាន​ស័ក្តិ​សិទ្ធភាព ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម ៖

១) វិទ្យាស្ថានជាតិសុខភាពសាធារណៈ ត្រូវបន្តពង្រីក និងធ្វើទំនើបកម្មសមត្ថភាពមន្ទីរពិសោធន៍ជាបន្ត ដើម្បី​រកឱ្យឃើញនូវមេរោគរាតត្បាតថ្មីៗ និងតាមដានការប្រែប្រួលរបស់វីរុស ឱ្យបានទាន់ពេលវេលា។

២) នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង ត្រូវពង្រឹងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបង្កើនគុណភា​ពទិន្នន័យរបស់ប្រព័ន្ធតាមដាន ដើម្បីចែករំលែកព័ត៌មានឆាប់រហ័ស ការវិភាគទិន្នន័យ​កាន់តែលឿន និងឆ្លើយតបទាន់ពេលវេលា។

៣) ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពបច្ចេក​ទេសតាម​រយៈការបណ្តុះបណ្តាលបន្ត ដើម្បីធានាថា យេីងមានកម្លាំងមនុស្សដែល​មានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រៀម និងឆ្លើយតបការគំរាមកំហែងសុខភាពជាយថាហេតុ​​នៅពេលអនាគត។

៤) លើកកម្ពស់កិច្ចសហការតាមគោលការណ៍សុខភាពតែមួយ (One Health)។ ការរួមគ្នាអនុវ​ត្តគោលការណ៍សុខភាពតែមួយ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការការពារសុខភាពមនុស្ស សត្វ និងបរិស្ថាន​របស់យើងទាំងអស់គ្នា។

៥) ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ព្រមទាំងបណ្តាញអ្នកវិទ្យាសាស្ត្រពិភពលោក ដើម្បីចែករំលែកព័ត៌មាន បទពិសោធន៍ និងបច្ចេកវិទ្យា ក្នុងការពង្រឹងសន្តិសុខសុខភាពសកល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49

រូបភាព Gallery
1 / 1
Gallery image