February 09, 2026
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ដោយទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសការឆ្លើយតបនឹងការការពារ ការថែទាំសុខភាព និងការជួយសង្រ្គោះវីរកងទ័ព និងប្រជាពលរដ្ឋក្នុងពេលសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាល បានធ្វើការកែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឱ្យវិស័យសុខាភិបាល នៅកម្ពុជាកាន់តែរឹងមាំ និងសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺ «មិនទុកនរណាម្នាក់មិនទទួលបានសេវាសុខាភិបាលនោះទេ»។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែលឿន និងប្រសើរថែមទៀត៖
- បន្តពង្រឹងការងារឱ្យរឹងមាំ និងមានភាពធន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពក្នុងគ្រប់ស្ថានភាពដែលប្រឈម។
- សហការក្នុងការបំពេញការងារ តាមរយៈក្រុមកាងារដែលជួយគាំទ្រថ្នាក់ដឹកនាំ ទាំងផ្នែករដ្ឋបាល និងកិច្ចការទំនាក់ទំនងអន្តរជាតិ។
- ផ្តល់ការយកចិត្តទុកដាក់លើជំងឺឆ្លង ដូចជាបង្កើនការផ្សព្វផ្សាយ ការទប់ស្កាត់ និងស្រាវជ្រាវ ព្យាបាលបានទាន់ពេលវេលា។
- បន្តពង្រឹងការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០៣០។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។