April 03, 2026
រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ ប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននូវអនុសាសន៍ណែនាំមួយចំនួន ដើម្បីបន្តពង្រឹងប្រសិទ្ធភាព និងគុណភាពការងារសម្រាប់អង្គភាព និងមូលដ្ឋានសុខាភិបាលទាំងអស់ ឱ្យកាន់តែល្អប្រសើរដូចខាងក្រោម៖
-ពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត លើប្រព័ន្ធបញ្ជូន ដើម្បីធានាការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព
-ថ្នាក់ដឹកនាំ មន្រ្តីរាជការ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តការងារ ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ
-អង្គភាពសុខាភិបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បន្ថែមទៀត លើការងារចាក់វ៉ាក់សាំងមហារីកមាត់ស្បូន (HPV) ដល់ក្រុមកុមារីអាយុ៩ឆ្នាំ និងគោលដៅអាយុបន្ត
- បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តពង្រឹងការទប់ស្កាត់ជំងឺឆ្លង នៅតាមច្រកព្រំដែននានា
- បន្តពង្រឹងការគ្រប់គ្រងស្តុកសម្ភារបរិក្ខារពេទ្យ និងឱសថសារវន្ត ឱ្យបានហ្មត់ចត់ ដឹងពីចរន្តនៃការប្រើប្រាស់ សុពលភាព និងបែងចែកទៅតាមមូលដ្ឋានសុខាភិបាល ឱ្យសមស្រប
-បន្តពង្រឹងការយកចិត្តទុកដាក់លើសេវាសុខាភិបាល និងបង្កើនការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានយកឱកាសនេះ ជូនពរថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រកបដោយសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច។