May 22, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការផ្ទៀងផ្ទាត់លើលទ្ធផលនៃការវាយតម្លៃមូលដ្ឋានសុខាភិបាល និងការកំណត់អាទិភាពសម្រាប់កញ្ចប់អន្តរាគមន៍ PEN-Plus នៅកម្ពុជា»
គោលបំណងនៃសិក្ខាសាលានេះរួមមាន៖
-ពិនិត្យឡើងវិញនូវលទ្ធផលនៃការត្រៀមខ្លួនរបស់មន្ទីរពេទ្យ ដែលទទួលបានពីការស្ទង់មតិមន្ទីរពេទ្យ
-ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ការបកស្រាយ និងភាពពេញលេញនៃលទ្ធផល តាមរយៈមតិឆ្លើយតបពីភាគីពាក់ព័ន្ធ
-កំណត់ និងកសាងឯកភាពលើចន្លោះខ្វះខាតជាអាទិភាពសំខាន់ៗ នៃភាពត្រៀមខ្លួនផ្តល់សេវាជំងឺមិនឆ្លង និងការរងរបួស
-ពិភាក្សាអំពីអន្តរាគមន៍សក្តានុពល ដើម្បីដោះស្រាយចន្លោះខ្វះខាតដែលបានកំណត់
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ដល់អង្គសិក្ខាសាលានូវចំណុចសំខាន់ៗ ដូចជា៖
-សូមចូលរួមពិភាក្សានូវការពង្រឹងសេវា ការគ្រប់គ្រង និងប្រើប្រាស់ឱសថ ឧបករណ៍សម្ភារៈ សម្រាប់ជំងឺមិនឆ្លង ផ្អែកតាមកញ្ចប់សកម្មភាពបង្គ្រប់ (Complementary Activities Package) សម្រាប់មន្ទីរពេទ្យបង្អែកកម្រិត១-២
-សូមនាយកដ្ឋានការពារសុខភាព យកចិត្តទុកដាក់ ការងារប្រយុទ្ធនឹងជំងឺមិនឆ្លងបន្ថែមទៀត រួមទាំងការងាររបួសដោយគ្រោះថ្នាក់ចរាចរណ៍ ដោយពង្រឹងការសហការជាមួយ NCDI global network
-កែលម្អចន្លោះខ្វះខាតបច្ចេកទេស តាមរយៈការបណ្តុះបណ្តាល
-រៀបចំជាប្រូតូកូលប្រតិបត្តិ ខ្លីៗ ងាយៗ តាមមន្ទីរពេទ្យ តាមងាយស្រួលក្នុងការអនុវត្តតាម
-ពង្រឹងការងារ DHIS2 និង NCD EMR មានអត្ថប្រយោជន៍សំខាន់ក្នុងគ្រប់គ្រង និងការវិភាគ ចំពោះជំងឺមិនឆ្លងដែលជាជំងឺរ៉ាំងរ៉ៃ
-សម្រាប់ការងារបន្ទាប់ PEN ដំណាលទី៣ សូមអង្គការ KHANA ជួយគាំទ្រនិងដាក់ឱ្យអនុវត្តទូទាំងប្រទេស រួមទាំងមន្ទីរពេទ្យបង្អែកកម្រិត១ផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) ដែលខិតខំប្រឹងប្រែង ក្នុងការវាយតម្លៃមូលដ្ឋានសុខាភិបាល និងការកំណត់អាទិភាពសម្រាប់កញ្ចប់អន្តរាគមន៍ PEN-Plus នៅកម្ពុជាជួយអភិវឌ្ឍគម្រោងគ្រប់គ្រង និងបង្ការជំងឺមិនឆ្លងក្នុងប្រទេសកម្ពុជា ក៏ដូចជាសិក្ខាសាលាថ្ងៃនេះផងដែរ។
សិក្ខាសាលនេះ មានការអញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តមសាស្ត្រាចារ្យ យី ស៊ីយ៉ាន ទីប្រឹក្សាក្រសួងសុខាភិបាល ថ្នាក់ដឹកនាំនាយកដ្ឋានការពារសុខភាព ថ្នាក់ដឹកនាំមន្ទីរបង្អែកទាំង៣៣ តំណាងអង្គការសុខភាពពិភពលោក តំណាងមូលនិធិអង្គការសហប្រជាជាតិ សម្រាប់កុមារ ក្រុមការងារអង្គការ KHANA តំណាងអង្គការដៃគូរ និងសមាគមនានា សរុបចំនួន ៦១រូប។