Cambodia
New Details

Image
សិក្ខាសាលា ពិនិត្យផែនការសកម្មភាពប្រចាំឆ្នាំ ផ្នែកស្ដារសម្បទាពលកម្ម សម្រាប់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2)

May 23, 2026

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការប្រឹក្សាភិបាល កម្មវិធី ACCESS 2 និងលោកស្រី Tegan Park លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ពិនិត្យផែនការសកម្មភាពប្រចាំឆ្នាំ ផ្នែកស្ដារសម្បទាពលកម្ម សម្រាប់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2)។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណទៅដល់អង្គការដៃគូទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រនៅក្នុងកម្មវិធី ACCESS 2 ជាពិសេសស្ថានទូតអូស្ត្រាលី ដែលតែងតែចូលរួមដឹកនាំឧបត្ថម្ភគាំទ្រនៅក្នុងកម្មវិធី ACCESS 2 ទាំងមូល។

ស្របពេលជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំទៅដល់មន្ត្រីសុខាភិបាល នៅតាមមន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្ត ដែលបានចូលរួម ឱ្យខិតខំពង្រឹងការបម្រើសេវាស្ដារលទ្ធភាពពលកម្ម ទៅតាមក្រមសីលធម៌វិជ្ជាជីវៈ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសរំលេចអំពីសារៈសំខាន់ នៃការផ្តល់សេវាលទ្ធភាពពលកម្ម ទៅដល់ជនមានពិការភាព ដែលត្រូវការចាំបាច់បំផុតក្នុងការជួយផ្ដល់នូវការស្ដារលទ្ធភាពពលកម្ម ឱ្យបានទាន់ពេលវេលា និងត្រូវតាមលក្ខខណ្ឌបច្ចេកទេស ដើម្បីឱ្យជនមានពិការភាពអាចបន្តបំពេញការងារប្រចាំថ្ងៃបានជាធម្មតា ដូចប្រជាពលរដ្ឋទូទៅ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេសសុខភាពជនមានពិការភាព នៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ក្រោមគម្រោង ACCESS 2 តំណាងក្រសួងពាក់ព័ន្ធ តំណាង ប.ស.ស អង្គការសុខភាពពិភពលោក ដៃគូអភិវឌ្ឍ តំណាងបងប្អូនមានពិការភាព ដែលបានទទួលសេវាស្តារលទ្ធភាពពលកម្ម សរុបចំនួន ៥៥នាក់ ក្នុងនោះនារីចំនួន ១៧នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

Gallery Gallery
1 / 1
Gallery image