May 23, 2026
ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) បានចុះពិនិត្យស្ថានភាពសុខាភិបាល ថ្នាក់មណ្ឌលសុខភាព ក្នុងខេត្តក្រចេះ ដើម្បីពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ក្នុងព្រះរាជាណាចក្រកម្ពុជា។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើមណ្ឌលសុខភាពដែលមានពិន្ទុទាប ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ដែលកើតឡើង និងរកដំណោះស្រាយ ធ្វើយ៉ាងណាជម្រុញមណ្ឌលសុខភាព នៅមានកម្រិតទៅមធ្យម ពីមធ្យមទៅល្អ និងរក្សានិរន្តរភាពមណ្ឌលសុខភាពគំរូ។
ជាលទ្ធផល ក្រុមការងារសង្កេតឃើញថាមណ្ឌលសុខភាពភាគច្រើន បានកែលម្អបានយ៉ាងល្អប្រសើរ ទៅលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងក្រៅ រួមមានការរក្សាអនាម័យ ការរៀបចំទុកដាក់សម្ភារៈ បរិក្ខារ ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ការពង្រឹងបន្ថែម ទៅលើបច្ចេកទេស ការគ្រប់គ្រងឱសថ ការប្រើប្រាស់ប្រព័ន្ធឌីជីថល ការស្កេនអំពីការពេញចិត្តរបស់អតិថិជន ការស្លៀកពាក់ឯកសណ្ឋានពេទ្យបានស្អាត មានកាតសម្គាល់ខ្លួនបានត្រឹមត្រូវ ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានទទួលការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។
គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនោះ ក៏មានការចូលរួមសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ អនុប្រធានមន្ទីរសុខាភិបាល លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យស្រុកប្រតិបត្តិ និងមន្រ្តីសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ។