May 23, 2026
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសកម្មភាពអាទិភាព សកម្មភាពសមាហរណកម្ម និងទិដ្ឋភាពថវិកា នៃកម្មវីធីអេដស៍ របេង និងកម្មវិធីជំងឺគ្រុនចាញ់ សម្រាប់ការស្នើសុំកញ្ចប់ថវិកាជំនួយជុំទី៨ (GC8) របស់មូលនិធិសកល។
គោលបំណង នៃកិច្ចប្រជុំគឺ ១) ពិនិត្យ និងពិភាក្សាទៅលើយុទ្ធសាស្រ្ត សកម្មភាពអាទិភាពសំខាន់ៗ របស់កម្មវិធីអេដស៍ របេង និងគ្រុនចាញ់ និងសមារណកម្មសកម្មភាពអាទិភាពទៅក្នុងសេវាថែទាំសុខភាពបឋម ២) ពិនិត្យ និងពិភាក្សាលើផែនការថវិកាទៅតាមប្រភពថវិកាផ្សេងៗ ដែលបានរៀបចំដោយកម្មវិធីជាតិទាំងបី។
ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានជំរុញ លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងជាមន្រ្តី នៃកម្មវិធីជាតិ សូមពិនិត្យ និងរៀបចំផែនការថវិកា ឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមប្រភពថវិកានីមួយៗ ដែលកម្មវិធីជាតិទទួលបាន ដោយប្រើប្រាស់តារាងម៉ាទ្រីសដែលបានផ្តល់ជូន និងបញ្ជូនត្រឡប់មកវិញ ឱ្យបានទាន់ពេលវេលាដែលបានកំណត់។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍សំខាន់ៗដល់កម្មវិធីជាតិទាំងបី ក្នុងការគិតគូរពិចារណាពីការវិភាជថវិកា ដើម្បីអនុវត្តសកម្មភាពការងារពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ (Cross-Program Integration) ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពសេវា ជាពិសេសនៅកម្រិតការថែទាំសុខភាពបឋម (Primary Health Care) ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក តូ សុភ័ណ្ឌ ប្រធានគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ នៃគម្រោងមូលនិធិសកល លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ និងសើស្បែក លោកវេជ្ជបណ្ឌិត ហ៊ួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន តំណាងមកពីមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងក្រុមការងារពាក់ព័ន្ធ។