May 23, 2026
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូសុខាភិបាល បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញទៅចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងប្រទេសជាសមាជិកចំនួន ១៨៥ ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា Reshaping Global Health: A Shared Responsibility»។
ក្នុងការចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកនេះ ប្រតិភូក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ សំខាន់ៗជុំវិញប្រធានបទទាំង៣៖ ១) ការផ្តល់សេវាសុខភាព (Provide health) ២) ការពារសុខភាព (Protect health) និង ៣) លើកកម្ពស់សុខភាព (Promote health) ដោយសំខាន់លើ៖ ១) ជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីការប្រយុទ្ធនឹងជំងឺឆ្លងសកល (Pandemic Agreement) ដែលមហាសន្និបាតបានអនុម័តកាលពីឆ្នាំ២០២៥កន្លងមក ២) ការប្តេជ្ញាចិត្តជាសកលឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ របេង និងជំងឺឆ្លងតំបន់ត្រូពិច (Neglected Tropical Diseases) ៣) សុខភាពផ្លូវចិត្ត ៤) ការគ្របដណ្តប់សុខភាពជាសកល ផ្តោតលើយុទ្ធសាស្រ្តសកលស្តីពីសមាហរណកម្មការសង្គ្រោះបន្ទាន់ ការថែទាំការវះកាត់និងករណីស្មុគស្មាញ ៥) ភាពស៊ាំឱសថប្រឆាំងមេរោគ (Antimicrobial Resistance-AMR)។
រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦