Cambodia
New Details

Image
បេសកកម្មជំរុញការអនុវត្ត PHC-BIF នៅក្នុងខេត្តពោធិ៍សាត់

May 24, 2026

ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប ឬ PHC-BIF) ថ្នាក់ជាតិ បានអញ្ជើញដឹកនាំក្រុមការងារបន្តដំណើរបេសកកម្ម ទៅខេត្តពោធិ៍សាត់ បន្ទាប់ពីបានបញ្ចប់បេសកកម្មការងារនៅខេត្តបាត់ដំបង។

បេសកកម្មនេះ មានគោលបំណងចុះពិនិត្យការអនុវត្តជាក់ស្តែង និងជំរុញការរៀបចំផែនការអនុវត្ត PHC-BIF គំរូ (model) នៅក្នុងភូមិសាស្ត្រស្រុកប្រតិបត្តិ (OD) បាកាន និងជំរុញការងារ PHC-BIF ជាទូទៅនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។

លោកជំទាវវេជ្ជបណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសស្រុកបាកានដែលទើបនឹងត្រូវបានជ្រើសរើស និងបានយល់ព្រមទទួលធ្វើជាស្រុកគំរូ ក្នុងការជំរុញ បង្កេីនការអនុវត្ត PHC-BIF ដ៏មានសារៈសំខាន់នេះឱ្យលេចចេញជាលទ្ធផលជាក់ស្តែង។

ក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិតបានជួបសំណេះសំណាល និងចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងារ ជាមួយថ្នាក់ដឹកនាំខេត្ត (លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្ត) ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត (លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកឱសថការី តុប វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីបច្ចេកទេសផ្សេងៗទៀត) ស្រុកប្រតិបត្តិ (OD) មន្ទីរពេទ្យបង្អែក ព្រមទាំងអាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ នៅតាមទីតាំងគោលដៅសំខាន់ៗ រួមមាន៖ មណ្ឌលសុខភាពមេទឹក សាលាស្រុកបាកាន មន្ទីរពេទ្យបង្អែកបាកាន (ដែលបានជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស) មន្ទីរសុខាភិបាលខេត្ត និងសាលាស្រុកក្រគរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13

Gallery Gallery
1 / 1
Gallery image