May 25, 2026
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលខេត្ត ស្តីពីការផ្ដល់ប្រឹក្សាជាមូលដ្ឋាន សម្រាប់ការពន្យល់លទ្ធផលតេស្ត អេច ភី វី នៅសណ្ឋាគារសុវណ្ណភូមិ ខេត្តកំពង់ឆ្នាំង។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងរួម ដើម្បីលើកកម្ពស់ការពិនិត្យរកវីរុស អេច ភី វី (Screening for HPV DNA) និងការថែទាំដំណាក់កាលមុនមហារីក តាមរយៈការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅតាមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព ក្នុងការពន្យល់លទ្ធផលតេស្ត អេច ភី វី ការប្រឹក្សាយោបល់ប្រកបដោយប្រសិទ្ធភាព និងការគាំទ្រផ្នែកចិត្តសាស្ត្រមូលដ្ឋាន ដល់ស្រ្តីដែលមកពិនិត្យរកវីរុស អេច ភី វី តាមមូលដ្ឋានសុខាភិបាល។ កម្មវិធីបណ្តុះបណ្តាលនេះមាន ៧ម៉ូឌុល ផ្តោតលើការគាំទ្រផ្នែកចិត្តសាស្ត្រជាមូលដ្ឋាន ការផ្តល់ប្រឹក្សា និងការផ្សាភ្ជាប់ជាមួយប្រព័ន្ធក្នុងការថែទាំអ្នកផ្ទុកវីរុស HPV។
ឯកឧត្តមសាស្ត្រាចារ្យ អនុរដ្ឋលេខាធិការ បានផ្តល់មតិចូលរួមដូចជា៖
-គ្រូបង្គោលខេត្តទាំង៨ នេះ យកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលបន្ត ដល់មន្តី្រតាមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព ដែលជាអ្នកជួបផ្ទាល់ជាមួយស្រ្តីមកពិនិត្យ
-សូមផ្តល់ការត្រួតពិនិត្យ គាំទ្រ តាមដាន និងការណែនាំនៅកន្លែងអនុវត្តការងារ ដើម្បីពង្រឹងជំនាញ ផ្តល់ប្រឹក្សាបន្ទាប់ពីបណ្តុះបណ្តាល
-រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ដើម្បីរក្សាគុណភាព និងស្តង់ដារនៃសេវាប្រឹក្សា HPV។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួម ពីឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សិក្ខាកាមជាគ្រូបង្គោលថ្នាក់មន្ទីរសុខាភិបាលខេត្តចំនួន៨ រួមមាន៖ សៀមរាប ស្វាយរៀង កំពង់ចាម កណ្ដាល កំពង់ស្ពឺ ព្រះវិហារ កំពង់ឆ្នាំង និងបាត់ដំបង រួមទាំងមន្ត្រីមកពីនាយកដ្ឋានការពារសុខភាព ដែលមានការគាំទ្រថវិកា ដោយអង្គការសុខភាពពិភពលោក និងបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយ អង្គការ Jhpiego សរុបចំនួន ៣០រូប។