Cambodia
New Details

Image
សិក្ខាសាលាផ្សព្វផ្សាយលទ្ធផល គម្រោងស្រាវជ្រាវស្តីពី “​អន្តរាគមន៍ ក្នុងការបង្ការ និង គ្រប់គ្រងជំងឺឆ្លង ដើម្បីកាត់បន្ថយការឆ្លងមេរោគ តាមមន្ទីរពេទ្យ ក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ”។

May 26, 2026

ទីតាំងទី១ ស.វ.ស.៖ ព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងស្រាវជ្រាវស្តីពី “​អន្តរាគមន៍ ក្នុងការបង្ការ និង គ្រប់គ្រងជំងឺឆ្លង ដើម្បីកាត់បន្ថយការឆ្លងមេរោគតាមមន្ទីរពេទ្យ ក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ” ដែលមានការចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យជំនួយ យី ស៊ីយ៉ាន ទីប្រឹក្សាក្រសួងសុខាភិបាល នាយក Cambodia Program នៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងជាសហប្រធានគម្រោងស្រាវជ្រាវ HAI-IPC លោកបណ្ឌិត Somphou Sayasone អគ្គនាយករងវិទ្យាស្ថានត្រូពិក និងសុខភាពសាធារណៈ នៃប្រទេសឡាវ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក មន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ការិយាល័យស្រុកប្រតិបត្តិ តាមបណ្តារាជធានី ខេត្ត មន្ទីរពេទ្យបង្អែក រាជធានី ខេត្ត និងមន្ទីរពេទ្យបង្អែក ក្រុង ស្រុក ទាំង ២៥ រាជធានី ខេត្ត ចូលរួមដោយផ្ទាល់ សរុប ចំនួន ៥០នាក់ និងតាមរយៈប្រព័ន្ធនិមិត្ត Zoom ចំនួន ៩៩នាក់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ដែលកិច្ចការនេះ ជាមូលដ្ឋានចាំបាច់ដំបូងបង្អស់ សម្រាប់បុគ្គលិកសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែល «គុណភាពសេវាសុខាភិបាល មិនអាចផ្តាច់ពីសុវត្ថិភាពអ្នកជំងឺ ហើយសុវត្ថិភាពអ្នកជំងឺ មិនអាចផ្តាច់ពីការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ដែលទាមទារនូវការរៀបចំឱ្យមានប្រព័ន្ធបង្ការ និងគ្រប់គ្រងជំងឺឆ្លង ដែលមានភាពរឹងមាំ និងច្បាស់លាស់ តាមអង្គភាពផ្តល់សេវាសុខាភិបាលទាំងអស់»។

ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ ចំនួន ០៤ ចំណុចដូចខាងក្រោម៖
១-គ្រប់ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាល ជាពិសេសអង្គភាពផ្តល់សេវាសុខាភិបាលទាំងអស់ ត្រូវយកលទ្ធផលនៃការសិក្សានេះ ទៅពិនិត្យ និងចែករំលែកដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងកម្រិតថ្នាក់ដឹកនាំមន្ទីរពេទ្យ ថ្នាក់ដឹកនាំផ្នែកនៅតាមមន្ទីរពេទ្យ និងបុគ្គលិកទាំងអស់នៅមន្ទីរពេទ្យ ដើម្បីជាទុនសម្រាប់ការយកទៅអនុវត្តការបង្ការ និង គ្រប់គ្រងជំងឺឆ្លងនេះ នៅមូលដ្ឋានសុខាភិបាលរបស់ខ្លួន
២-គ្រប់ថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ត្រូវធ្វើការឱ្យបានជិតស្និទ្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងក្រុមការងារស្រាវជ្រាវ ដើម្បីបន្តការងារអន្តរាគមន៍នេះ និងត្រូវមានការចែករំលែកគ្នា ពីភាពប្រឈមដែលអាចជួបប្រទះ
៣-គ្រប់ថ្នាក់ដឹកនាំមន្ទីរពេទ្យទំាងអស់ ត្រូវផ្តល់ព័ត៌មានត្រឡប់មកសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងក្រុមការងារស្រាវជ្រាវ ដើម្បីដោះស្រាយរួមគ្នា ធ្វើឱ្យប្រសើរឡើងជាប្រចាំ នូវការបង្ការ និង គ្រប់គ្រងជំងឺឆ្លងនេះ នៅមន្ទីរពេទ្យរបស់ខ្លួន
៤-ក្រុមការងារស្រាវជ្រាវ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងក្រុមការងារស្រាវជ្រាវសាកលវិទ្យាល័យជាតិ សិង្ហបុរី ត្រូវរៀបចំការបណ្តុះបណ្តាល ជូនថ្នាក់ដឹកនាំមន្ទីរពេទ្យ និងអ្នកទទួលបន្ទុកការបង្ការ និង គ្រប់គ្រងជំងឺឆ្លង តាមមន្ទីរពេទ្យទាំងអស់ ដើម្បីឱ្យយល់ច្បាស់ដូចគ្នា ក្នុងកិច្ចការអនុវត្តការបង្ការ និងគ្រប់គ្រងជំងឺឆ្លងនេះ។

គួរជម្រាបថា គម្រោងស្រាវជ្រាវស្តីពី “​អន្តរាគមន៍ ក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ដើម្បីកាត់បន្ថយការឆ្លងមេរោគតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ” ត្រូវបានអនុវត្តដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយសហការជាមួយ សាកលវិទ្យាល័យជាតិសិង្ហបុរី និងវិទ្យាស្ថានត្រូពិក និងសុខភាពសាធារណៈ នៃប្រទេសឡាវ ក្រោមការឧបត្ថម្ភពី Reckitt Global Hygience Institute។ គម្រោងនេះ មានរយៈពេល ០៣ ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ និងមានមន្ទីរពេទ្យចំនួន ០៣ ចូលរួមអនុវត្តគម្រោងរួមមាន មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ និងមន្ទីរពេទ្យបង្អែក ជាំក្សាន ខេត្តព្រះវិហារ។ តាមរយៈលទ្ធផលបឋម នៃការសិក្សានេះ បានបង្ហាញនូវភាពរីកចម្រើនលើការយកចិត្តទុកដាក់ ក្នុងការអនុវត្តអនាម័យ​ដៃ និង​ការអនុវត្ត​ការសម្លាប់​មេរោគ​ឧបករណ៍​​កម្រិត​ទាប នៅតាមផ្នែកទាំង៣ តាមមន្ទីរពេទ្យនីមួយៗ​ ដែលបានចូលរួមការសិក្សាស្រាវជ្រាវនេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

Gallery Gallery
1 / 1
Gallery image