May 26, 2026
ខេត្តកំពត៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ និងឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការ បានចុះបំពេញបេសកកម្មអភិបាលគាំទ្រដល់បណ្តាមន្ទីរពេទ្យបង្អែកស្រុក ក្នុងខេត្តកំពត។
បេសកកម្មនេះ ផ្តោតសំខាន់លើការចុះស្វែងយល់ផ្ទាល់ អំពីស្ថានភាពជាក់ស្តែង កំណត់តម្រូវការចាំបាច់ របស់មូលដ្ឋាន និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាឱ្យបាននូវសេវាសុខាភិបាលមួយ ដែលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់អ្នកជំងឺ។
ការវាយតម្លៃត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងស៊ីជម្រៅ លើចំណុចស្នូលចំនួន ៤ រួមមាន៖
១.ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស៖ ធានានូវបរិស្ថានការងារល្អ និងការពង្រឹងសមត្ថភាពមន្ត្រីបម្រើសេវា
២.គុណភាពសេវាគ្លីនិក និងការគ្រប់គ្រងឱសថ បរិក្ខារ៖ ផ្តោតលើស្តង់ដានៃការព្យាបាល និងសុវត្ថិភាពអ្នកជំងឺជាចម្បង
៣.ការបង្ការការចម្លងរោគ និងអភិបាលកិច្ចរដ្ឋបាល៖ ជំរុញអនាម័យ និងភាពត្រឹមត្រូវនៃការគ្រប់គ្រងនៅមូលដ្ឋាន
៤.ប្រព័ន្ធព័ត៌មានវិទ្យា និងសុខាភិបាលឌីជីថល៖ ជំរុញការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីភាពសុក្រឹត និងភាពរហ័សរហួនក្នុងការសម្រេចចិត្ត។
ជារួម ថ្នាក់ដឹកនាំក្រុមការងារ និងមន្ត្រីសុខាភិបាលមូលដ្ឋាន បានឯកភាពគ្នា ដាក់ចេញនូវ ផែនការសកម្មភាពកែលម្អ ដោយមានការកំណត់សកម្មភាពអាទិភាព កាលបរិច្ឆេទអនុវត្ត និងអ្នកទទួលខុសត្រូវច្បាស់លាស់។ គ្រប់ភាគីបានចាត់ទុកបញ្ហាប្រឈមដែលបានរកឃើញ ថាជាឱកាសសម្រាប់ការអភិវឌ្ឍ និងភាពរីកចម្រើន។
រាល់សំណូមពរ និងផែនការសកម្មភាពទាំងនេះ នឹងត្រូវដាក់បញ្ចូលយ៉ាងម៉ត់ចត់ទៅក្នុងយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃសមិទ្ធកម្មរបស់ក្រសួង ដើម្បីធានាថាការគាំទ្រត្រូវបានផ្តល់ជូនទាន់ពេលវេលា និងចំគោលដៅ។
ក្រសួងសុខាភិបាល បន្តប្តេជ្ញាបោះជំហានទៅមុខឥតឈប់ឈរ ជាមួយមន្ត្រីមូលដ្ឋានទាំងអស់ ដើម្បីកសាងប្រព័ន្ធសុខាភិបាលមួយដែលកាន់តែរឹងមាំ ទំនើប និងទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់រូប។