Cambodia
New Details

Image
កិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាង នៃកម្មវិធីណែនាំ ស្ដីពីកិច្ចសហប្រតិបត្តិការ (Indicative Cooperation Programme – ICP) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ។

May 30, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងនៃកម្មវិធីណែនាំ ស្ដីពីកិច្ចសហប្រតិបត្តិការ (Indicative Cooperation Programme – ICP) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាល លុចសំបួ សម្រាប់កំណត់ទិសដៅយុទ្ធសាស្ត្រ វិស័យអាទិភាព និងរបៀបអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីឆ្នាំ ២០២៧-២០៣៣។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Thomas Lammar ភារធារីស្ថានទូតលុចសំបួរប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងភាគីដៃគូ។

សេចក្តីព្រាង ICP បានកំណត់វិស័យអាទិភាពចំនួន ៣ រួមមាន៖ (១)សុខាភិបាល,(២)ការអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) និង(៣)អភិវឌ្ឍន៍ជនបទ ដោយផ្តោតលើរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ ការដាក់សុខាភិបាល ជាវិស័យអាទិភាពមួយក្នុង ICP និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រ ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល សេវាថែទាំសុខភាពបឋម សុខភាពមាតា ទារក និងកុមារ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល សេវាបញ្ចូលឈាមប្រកបដោយសុវត្ថិភាព និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារពេទ្យ ជាពិសេស នៅខេត្តស្ទឹងត្រែង និងរតនគិរី។

កិច្ចប្រជុំក៏បានផ្តល់ឱកាសឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្តល់មតិយោបល់លើខ្លឹមសារ ទិសដៅយុទ្ធសាស្ត្រ លទ្ធផលរំពឹងទុក និងយន្តការសម្របសម្រួល ដើម្បីធានាថាកម្មវិធីនេះស្របនឹងអាទិភាពជាតិ និងផែនការយុទ្ធសាស្ត្រវិស័យ។

ជាលទ្ធផល កិច្ចប្រជុំបានឯកភាពបន្តពិនិត្យ និងកែលម្អសេចក្តីព្រាង ICP ដោយបញ្ចូលមតិយោបល់ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងការសម្របសម្រួលជាមួយយន្តការវិស័យ និងធានាការតាមដាន និងការវាយតម្លៃ ឱ្យមានប្រសិទ្ធភាពក្នុងអំឡុងពេលអនុវត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image