May 30, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ក្រុមការងារលើកកម្ពស់គុណភាព នៅទីស្តីការក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមផ្ទាល់ ចំនួន ២៦ នាក់ និងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ចំនួន ៧៨នាក់។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីចែករំលែកវឌ្ឍនភាព នៃការអនុវត្តសកម្មភាពកែលម្អគុណភាព ពីមន្ទីរពេទ្យជាតិ ចំនួន ២ និងមន្ទីរពេទ្យខេត្ត ចំនួន ២ ព្រមទាំងលើកយកបញ្ហាប្រឈមនានាមកពិភាក្សា ដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងស្វែងរកដំណោះស្រាយរួម។ ក្នុងនោះផងដែរ កិច្ចប្រជុំក៏មានបទបង្ហាញ ស្ដីពីសូចនាករគ្លីនិក ចំនួន ១០ និងសូចនាករគ្រប់គ្រង ចំនួន ៨ ដែលត្រូវបានកំណត់ជាអាទិភាព សម្រាប់ធ្វើការកែលម្អគុណភាព និងសុវត្ថិភាពរបស់អ្នកជំងឺ នៅក្នុងមន្ទីរពេទ្យ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិកាក្រុមការងារលើកកម្ពស់គុណភាព សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជនកម្ពុជា គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្រុមអ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ។