May 31, 2026
ខេត្ដកំពត៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូបង្គោលថ្នាក់ជាតិ ចុះពិនិត្យ និងគាំទ្របច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពបន្ថែមលើផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងមន្ទីរពេទ្យបង្អែកអង្គរជ័យ។
បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃវឌ្ឍនភាព ព្រមទាំងជួយជ្រោមជ្រែងលើសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងពិនិត្យឡើងវិញនូវនីតិវិធីស្តង់ដារ នៃប្រព័ន្ធបញ្ជូនអ្នកជំងឺ ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖
១.បច្ចុប្បន្នភាពនីតិវិធីបញ្ជូន ដោយត្រួតពិនិត្យ និងរៀបចំខ្សែសង្វាក់នៃការបញ្ជូនអ្នកជំងឺឱ្យមានភាពរលូន និងកាត់បន្ថយហានិភ័យជាអតិបរមា
២.ឌីជីថលភាវូបនីយកម្ម និងការទាក់ទងទាន់ពេលវេលា ដោយពង្រឹងបណ្តាញទំនាក់ទំនងក្នុងប្រព័ន្ធបញ្ជូន ដើម្បីធានាបាននូវការផ្លាស់ប្តូរព័ត៌មានលឿនរហ័ស និងជាក់លាក់
៣.ភាពត្រៀមលក្ខណៈនៃរថយន្ដសង្រ្គោះ តាមរយៈការគ្រប់គ្រង ថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តសង្គ្រោះជាប្រចាំ ដើម្បីធានាភាពហ្មត់ចត់ក្នុងការបំពេញភារកិច្ច
៤.ធានាការផ្គត់ផ្គង់ឱសថ និងបរិក្ខារយុទ្ធសាស្ត្រដោយ វាយតម្លៃ និងផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ព្រមទាំងឱសថសង្គ្រោះបន្ទាន់ឱ្យបានគ្រប់គ្រាន់ និងមានគុណភាពខ្ពស់ជាប់ជានិច្ច
៥.អភិវឌ្ឍន៍ធនធានមនុស្ស បណ្តុះបណ្តាលបង្កើនសមត្ថភាពជាបន្តបន្ទាប់ដល់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ និងបុគ្គលិកបើកបររថយន្តសង្គ្រោះ
៦.ពង្រឹងបណ្តាញសហការជាមួយសហគមន៍ ដោយបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងករណីសង្គ្រោះបន្ទាន់ផ្សេងៗក្នុងសហគមន៍។
ក្នុងឱកាសចុះពិនិត្យផ្ទាល់ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារថ្នាក់ជាតិ បានផ្តល់ការណែនាំផ្នែកបច្ចេកទេសយ៉ាងលម្អិតដល់ក្រុមគ្រូពេទ្យផ្នែកពាក់ព័ន្ធ ព្រមទាំងផ្តល់អនុសាសន៍គន្លឹះក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានបៃតង និងស្តង់ដារអនាម័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសុខាភិបាល និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងសកម្ម។
គួរបញ្ជាក់ផងដែរថា សកម្មភាពចុះអភិបាលគាំទ្រនេះ មានការសម្របសម្រួលពីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក ព្រមទាំងមានការចូលរួមពីលោកសាស្ត្រាចារ្យ ដែលជាគ្រូបង្គោលថ្នាក់ជាតិ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។