June 08, 2026
ខេត្តកណ្ដាល៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៅមណ្ឌលសុខភាពចំនួន១៤ ក្នុងខេត្តកណ្ដាល។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ បេសកកម្មនេះ ក្រុមការងារបានជួបប្រជុំជាមួយ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្ដាល និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះធំ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្អាង និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតាខ្មៅ ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៖
១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រង ការបែងចែកឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤-លទ្ធភាពគ្រប់គ្រងក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៨-ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ
៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល
១០-ការងារសហការជាមួយ មូលនិធិគាំពារសង្គម(បសស និងមូលនិធិសមធម៌)
១១-ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលចុះត្រួតពិនិត្យមានដូចជា មណ្ឌលសុខភាពព្រែកថ្មី, កោះធំ”ខ” ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះធំ មណ្ឌលសុខភាពព្រែកអំបិល២, ព្រែកអំបិល១, កោះខែល, ទឹកវិល, កោះខ្សាច់ទន្លា, ព្រែកគយ, ក្រាំងយ៉ូវ, ស្អាងភ្នំ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្អាង និងមណ្ឌលសុខភាពរកាខ្ពស់, សិត្បូ, កោះអន្លង់ចិន, ស្វាយរលំ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតាខ្មៅ ខេត្តកណ្ដាល។