Cambodia
New Details

Image
«ការងារសុខាភិបាល កំពុងតែដំណើរការវិវត្តន៍ ដោយបុរេសកម្ម ដោយយើងទាំងអស់គ្នាត្រូវដើរទៅមុខ បំពេញភារកិច្ច ក្នុងទិសដៅតែមួយនៃគ្រួសារសុខាភិបាល សំដៅការរីកចម្រើន និងនិរន្តរភាពនៃវិស័យ ចូលរួមគាំទ្រអន្តរវិស័យ» ប្រសាសន៍រដ្ឋមន្ត្រីសុខាភិបាល។

June 09, 2026

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ ប្រចាំខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺមហារីក និងជំងឺមិនឆ្លងផ្សេងទៀត ដែលសមិទ្ធផលទាំងនេះ ត្រូវបានទទួលស្គាល់ និងសាទរពីគ្រប់អង្គការដៃគូជាតិ និងអន្តរជាតិ រួមទាំងអង្គការសុខភាពពិភពលោក។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ត្បិតប្រទេសកម្ពុជាមិនទាន់ជឿនលឿន ដល់កម្រឹតប្រទេសរីកចម្រើនឧស្សាហកម្ម តែមិត្តភក្ត្រ័បរទេសចម្រុះជាតិសាសន៍ មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យសុខាភិបាលកម្ពុជា ដែលកំពុងវិវត្តន៍ខ្លួនជាបន្តបន្ទាប់ក្ន៧ងលំនាំស្តង់ដារសាកល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកបន្ថែមដល់នាយកដ្ឋាន អង្គភាពទាំងអស់ បន្តយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតលើបញ្ហាជំងឺឆ្លងនានា ពិសេសជំងឺ អេបូឡា Ebola ដែលកំពុងរាតត្បាតនៅប្រទេសមួយចំនួន។ ម៉្យាងវិញទៀត ឯកឧត្តមសាស្រ្តាចារ្យ បានជូនអនុសាសន៍ឱ្យអង្គភាពទាំងអស់ ពិនិត្យការរៀបចំផែនការរំកិល ៣ឆ្នាំឱ្យបានច្បាស់លាស់ និងគិតគូររៀបចំវិភាគមុខងារនៅតាមអង្គភាពរបស់ខ្លួនឱ្យបានល្អ ស្របតាមគោលការណ៍កំណែទម្រង់ជាអាទិភាព។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើមួយចំនួនដូចខាងក្រោម៖
-ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំបំពេញការងារ និងបំពេញបេសកកម្មរបស់ខ្លួន ក្នុងវិស័យសុខាភិបាលនេះឱ្យបន្តរីកចំរើនទៅមុខ ជាមួយការវាស់វែងសមិទ្ធិផល
-ក្នុងបរិបទ ឌីជីថលនេះ សូមឱ្យយកចិត្តទុកដាក់ក្នុងការសម្របខ្លួន ស្វែងយល់សុីជម្រៅ និងទាញយកបច្ចេកវិទ្យាទាំងនោះ មកជាផលប្រយោជន៍ក្នុងការងារប្រចាំថ្ងៃ
- បន្តការងារលើកកម្ពស់សុខភាពបឋមកាន់តែសកម្ម ធ្វើយ៉ាងណាឱ្យសេវាសុខភាពបឋមនេះ បានទៅដល់ប្រជាពលរដ្ឋគ្រប់ៗរូប តាមគ្រប់រូបភាព
- បន្តយកចិត្តទុកដាក់លើការងារសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍នានា និងរៀបចំផែនការសកម្មភាព ដើម្បីស្វែងរកការគាំទ្របន្ថែមទៀតពីអង្គការនានា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29

Gallery Gallery
1 / 1
Gallery image