June 12, 2026
ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមប្រធានមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការងារបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ការចុះអភិបាលនេះ ក្នុងគោលបំណងជួយគាំទ្រ លើផែនការសម្មភាពរបស់មន្ទីរពេទ្យ និងជួយពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ និងបន្តពង្រឹងសោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ ឯកសណ្ឋានរបស់បុគ្គលិក និងការបម្រើសេវា លំហូរជំងឺនៅកន្លែងចុះឈ្មោះ កន្លែងពិគ្រោះជម្ងឺក្រៅ និងនៅបញ្ជរបង់ប្រាក់។
នៅក្នុងការចុះអភិបាលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កេតឃើញមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការបម្រើសេវា រួមទាំងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌភាព និងមានបងប្អូនប្រជាពលរដ្ឋមកទទួលសេវាថែទាំ ព្យាបាល យ៉ាងច្រើនកុះករ ដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៅតាមផ្នែកនីមួយៗ ជាពិសេសនៅផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដូចជា៖
១)បន្តពង្រឹងការបម្រើសេវា ដូចជាការពន្លឿនសេវាឱ្យបានឆាប់រហ័ស និងមានគុណភាពកាន់តែល្អប្រសើរថែមទៀត
២)លើកទឹកចិត្តទៅដល់មន្ត្រីសុខាភិបាល និងផ្ដល់នូវស្នាមញញឹម រួសរាយរាក់ទាក់ក្នុងការបម្រើសេវា ដើម្បីបង្កើនទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវា
៣)បន្តយកចិត្តទុកដាក់ក្នុងការថែទាំអនាម័យ បរិស្ថាន និងការពារការចម្លងរោគនៅគ្រប់ទីតាំងផ្ដល់សេវា ជាពិសេសនៅក្នុងផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងផ្នែកវះកាត់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខថ្លែងអំណរគុណពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារៈកិច្ចបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។