Cambodia
New Details

Image
ពិធីបើកវគ្គបណ្តុះបណ្តាលគិលានុបដ្ឋាក និងឆ្មប នៅមណ្ឌលសុខភាព ស្តីពីសេវាសង្គ្រោះបឋម និងនីតិវិធីស្តង់ដា ប្រព័ន្ធបញ្ជូនអ្នកជំងឺ ប្រកបដោយសុវត្ថិភាព។

June 17, 2026

ខេត្តកំពង់ចាម៖ ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគិលានុបដ្ឋាក និងឆ្មបនៅមណ្ឌលសុខភាព ស្តីពីសេវាសង្គ្រោះបឋម និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺប្រកបដោយសុវត្ថិភាព។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពបុគ្គលិក មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងការផ្តល់សេវាសង្គ្រោះបឋម និងអនុវត្តនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ស្ដាប់ និងទទួលយកនូវចំណេះដឹង និងជំនាញថ្មីៗ ពីគ្រូបង្គោលថ្នាក់ជាតិ ដែលមានបទពិសោធន៍យូរឆ្នាំ ចែករំលែកក្នុងវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ។

ក្រោយការបណ្តុះបណ្តាលគិលានុបដ្ឋាក និងឆ្មប នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទទួលបាននូវចំណេះដឹងបន្ថែមដូចជា៖
១)វាយតម្លៃស្ថានភាពអាសន្ន និងឆ្លើយតបបន្ទាន់កាន់តែមានប្រសិទ្ធភាព
២)អនុវត្តវិធីសាស្ត្រសង្គ្រោះបឋម ដូចជា CPR, ការគ្រប់គ្រងការហូរឈាម, ការដោះស្រាយរបួស និងការប្រើប្រាស់ឧបករណ៍សង្រ្គោះបឋមកាន់តែល្អប្រសើរ
៣)វាយតម្លៃស្ថានភាពអ្នកជំងឺ និងកំណត់ភាពបន្ទាន់ ធ្វើ triga បែងចែកអាទិភាព និងសម្រេចចិត្តលើការថែទាំបឋម និងការបញ្ជូន
៤)អនុវត្តនីតិវិធីស្តង់ដា យល់ដឹងពីជំហាននៃប្រព័ន្ធបញ្ចូន បំពេញឯកសារ និងទម្រង់បញ្ចូនបានត្រឹមត្រូវ ទំនាក់ទំនងមានប្រសិទ្ធភាព រវាងអ្នកបញ្ចូន និងអ្នកទទួល
៥)ពង្រឹងការសម្របសម្រួល ការប្រាស្រ័យទាក់ទង សហការជាមួយក្រុមការងារ និងមន្ទីរពេទ្យកម្រិតខ្ពស់ និងផ្តល់ព័ត៌មានទៅអ្នកជំងឺច្បាស់លាស់ ទាន់ពេលវេលា។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន២ថ្ងៃ និងការអនុវត្តលើម៉ានីកាំងរយៈពេល១ថ្ងៃ និងមានការអញ្ជើញចូលរួមពី នាយកដ្ឋានសេវាសុខភាព មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម មន្ទីរពេទ្យខេត្តកំពង់ចាម ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប សិក្ខាកាមចូលរួមសរុបចំនួន ៨៣រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពខេត្តកំពង់ចាម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

Gallery Gallery
1 / 1
Gallery image