June 24, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “បរិយាកាសការងារដែលមានសុវត្ថិភាព ស្មារតីបុគ្គលិកមានភាពរឹងមាំ គុណភាពថែទាំ និងព្យាបាលមានការរីកចម្រើន” ដោយមានការទទួលស្វាគមន៍ពីលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹកសមត្ថភាពរបស់គិលានុបដ្ឋាក-យិកា និងឆ្មបអំពីវប្បធម៌គ្មានការស្តីបន្ទោស ការថែទាំដោយផ្តោតលើអ្នកជំងឺជាចម្បង និងការពង្រឹងស្មារតីឱ្យមានភាពរឹងមាំ។
លោកជំទាវសាស្ត្រាចារ្យបានមានប្រសាសន៍អំពីសារៈសំខាន់ ការអនុវត្ត វប្បធម៌គ្មានការស្តីបន្ទោស (Just Culture/Blame-Free Culture) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយ ដើម្បីធានាបាននូវ សុវត្ថិភាពអ្នកជំងឺ (Patient Safety) ប្រកបដោយប្រសិទ្ធភាព។ ការថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បង (Patient-Centered Care) និងសុវត្ថិភាពអ្នកជំងឺ (Patient Safety) គឺជាធាតុផ្សំពីរដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន ដើម្បីធានាគុណភាពសេវាសុខាភិបាល។
ការថែទាំសុខភាពផ្លូវចិត្ត របស់បុគ្គលិកក្នុងពេលបំពេញការងារ គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបានក្នុងការធានាដល់សុវត្ថិភាពអ្នកជំងឺដើម្បីបុគ្គលិកផ្ចង់អារម្មណ៍ ការសម្រេចចិត្ត និងការផ្តល់សេវាថែទាំ និងព្យាបាលចំពោះសុវត្ថិភាពរបស់អ្នកជំងឺផ្ទាល់។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានការចូលរួមពីមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តទាំងបី គឺខេត្តតាកែវ កំពត និងខេត្តកែប ចំនួន ១០០រូប និងតាមប្រព័ន្ធនិម្មិតចំនួន ៣៥០រូប។