March 21, 2025
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីពិធីបរិច្ឆាគឈាម ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវា និងពិគ្រោះជំងឺ ជាពិសេសអ្នកប្រើប្រាស់បណ្ណមូលនិធិសមធម៌ និងបណ្ណ ប.ស.ស។
ទន្ទឹមនឹងនោះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានទទួលមតិត្រឡប់ពីបងប្អូនមកទទួលសេវាមូលនិធិសមធម៌ និង បណ្ណ ប.ស.ស. ដែលសំដែងសេចក្តីរីករាយ និងប្រាប់ពីការទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យទៀតផង។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ សូមស្រលាញ់ និងថែរក្សាសុខភាពជាដំបូងបង្អស់ ជាពិសេសកុំមើលរំលងជំងឺមិនឆ្លង ជំងឺលើសសំពាធឈាម ជំងឺទឹកនោមផ្អែមជាដើម ដោយត្រូវអនុវត្តវិធានសុវត្ថិភាពសុខភាព “តិចអំបិល តិចខ្លាញ់ តិចស្ករ និងធ្វើលំហាត់ប្រាណឱ្យបានជាប់ជាប្រចាំ”។