July 29, 2025
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បន្តដំណើរចុះពិនិត្យស្ថានភាពស្នាក់នៅ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក នៅទីទួលសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ។ ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសុខាភិបាល ដើម្បីអាចជួយដោះស្រាយជីវភាពបងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាពលំបាកនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមកន្លែងស្នាក់នៅ និងណែនាំអំពីការថែទាំសុខភាព ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត សម្រាកក្នុងមុងបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុន់ចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត។
ឯកឧត្តមសាស្ត្រាចារ្យ បានចុះសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅស្តង់ប្រចំាការសុខភាព និងសំដែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស។
ខេត្តឧត្តរមានជ័យ៖ ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥