ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៥
សាធារណរដ្ឋប្រជាមានិតចិន៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងលោកវេជ្ជបណ្ឌិត ហ៊ុយ ម៉េងហ៊ត់ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាល បានចូលរួមវេទិកាស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថល ដើម្បីលើកកម្ពស់ការថែទាំសុខភាពបឋម និងឱកាសសហការ រវាងសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសសមាជិកអាស៊ាន»។
វេទិកានេះ ត្រូវបានរៀបចំដោយ មជ្ឍមណ្ឌលជាតិ ស្រាវជ្រាវអភិវឌ្ឍន៍សុខាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការគាំទ្រពីការិយាល័យតំណាងអង្គការសុខភាពពិភពលោក (WHO) នៅសារណរដ្ឋប្រជាមានិតចិន។
វេទិកាខាងលើ មានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានចំនួន៧ គឺ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ប្រធាននាយកដ្ឋានសុខាភិបាលឌីជីថល នៃទីស្នាក់ការកណ្តាលអង្គការសុខភាពពិភពលោក (WHO-HQ) តំណាង WHO ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងអ្នកឯកទេស/ជំនាញ ពីគណៈកម្មាធិការជាតិសុខាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សាកលវិទ្យាល័យ តំណាងគណៈកម្មាធិការសុខាភិបាល នៃខេត្តមួយចំនួន និងសហគ្រាសបច្ចេកវិទ្យាឌីជីថល (Alibaba, Huawei, and iFLYTEK)។