ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥
ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុក ជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) បានចុះពិនិត្យស្ថានភាព វឌ្ឍនភាពសេវាសុខាភិបាលថ្នាក់ មណ្ឌលសុខភាព ចំនួន១៣ ក្នុងខេត្តក្រចេះ ដើម្បីជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា។
ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗរួមមាន៖
១) ការជំរុញ បង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍
២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ
៤) ការធ្វើបដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ
៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស
៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល
៧) ការគ្រប់គ្រងឱសថ សម្ភារបរិក្ខារ និង
៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/៧សប្តាហ៍។
សូមបញ្ជាក់ជូនថា ក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងជំរុញការកែលម្អគុណភាពសេវា នៅតាមមណ្ឌលសុខភាពទាំង១៣ រួមមាន៖
- មណ្ឌលសុខភាព ជ្រោយថ្ម ព្រែកសាម៉ាន់ កញ្ជោរ ដំរីផុង និងមណ្ឌលសុខភាព កំពង់ដំរី នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិឆ្លូង
- មណ្ឌលសុខភាព មនោរម្យ បុសលាវ អូរគ្រៀង និងមណ្ឌលសុខភាព ក្បាលដំរី នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រចេះ
- មណ្ឌលសុខភាព ២ឆ្នូ ឃ្សឹម ស្នួល និងមណ្ឌលសុខភាព ស្វាយជ្រះ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ស្នួល។
ក្រុមការងាររួមដំណើរមាន ឯកឧត្តមវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ អនុប្រធានមន្ទីរសុខាភិបាល ប្រធាន និងអនុប្រធានការិយាល័យស្រុកប្រតិបត្តិ និងមន្រ្តីពាក់ព័ន្ធ។