ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ស្តីពីការពិនិត្យវឌ្ឍនភាព និងវាយតម្លៃការអនុវត្តគម្រោង ដោយក្រុមបេសកកម្មគាំទ្រការអនុវត្ត លើកទី៧ (Implementation Support Mission-ISM) នៃធនាគារពិភពលោក។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីធ្វើការពិនិត្យឡើងវិញ ទៅលើ៖
១) វឌ្ឍនភាពនៃការអនុវត្តគម្រោងឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងអភិវឌ្ឍន៍គម្រោង (Project Development Objective-PDO)
២) ពិនិត្យលទ្ធផលការងារដែលក្រុមបេសកកម្មបានរកឃើញ
៣) ពិនិត្យចំណុចដែលត្រូវឯកភាព និងចំណុចដែលត្រូវកែសម្រួល ឬបំពេញបន្ថែម ទៅលើសកម្មភាពការងារ
៤) ជំរុញការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា
៥) កំណត់ជំហ៊ានបន្ទាប់ និងផែនការអនុវត្តបន្ត
ជាមួយគ្នានេះ លោកជំទាវនាយកគម្រោង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលបានឯកភាពនៅបេសកកម្មកន្លងមក។ ទន្ទឹមនឹងនេះ លោកជំទាវ ផ្តល់អនុសាសន៍ណែនាំ និងជំរុញការអនុវត្តសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចតាមផែនការដែលបានកំណត់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ ឯកឧត្តម ជិន វិសាល អគ្គលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងដៃគូអភិវឌ្ឍន៍រួមមាន៖ World Bank DFAT GFF KOICA KfW ។