Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងគាំទ្រការជំរុញបង្កើនសមត្ថភាពបម្រើសេវានៅមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦

ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ការចុះពិនិត្យវឌ្ឍនភាពនេះ ក្នុងគោលបំណងជួយពិនិត្យ គាំទ្រក្នុងការអនុវត្តការងារ និងការលើកទឹកចិត្ត ដើម្បីជំរុញបង្កើនសមត្ថភាពការបម្រើសេវាសុខាភិបាលឱ្យកាន់តែមានលក្ខណៈល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ និងផ្ដល់នូវភាពកក់ក្ដៅជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវា។

ការចុះត្រួតពិនិត្យនេះ ផ្តោតសំខាន់លើចំណុចមួយចំនួនរួមមាន៖
១.ធានាការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ
២.ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារ ដោយក្រមសីលធម៌វិជ្ជាជីវៈ
៣.ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងបរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
៤.ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
៥.ការគ្រប់គ្រង ការថែទាំ និងការប្រើប្រាស់ឱសថ សម្ភារៈ និងបរិក្ខារពេទ្យ
៦.ការរៀបចំលំហូរការទទួលពិនិត្យ និងព្យាបាលអ្នកជំងឺ
៧.ការរៀបចំផែនការសកម្មភាព និងការតាមដានពិនិត្យវឌ្ឍនភាពការងារ
៨.ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ចូនអ្នកជំងឺ
៩.ស្វែងយល់ពីឬសគល់នៃបញ្ហា និងរិះរកដំណោះស្រាយឱ្យចំគោលដៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ការចុះពិនិត្យនេះ មានការសម្របសម្រួលពីឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយបានចុះទៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមណ្ឌលសុវត្តិភាព សរុបចំនួន ១៤ទីតំាង ក្នុងនោះ៖ (១)ខេត្តព្រះវិហារ៖ មណ្ឌលសុខភាពភ្នំដែក មណ្ឌលសុខភាពរវៀង មណ្ឌលសុខភាពឈ្នួន មណ្ឌលសុខភាពត្បែងមានជ័យ មណ្ឌលសុខភាពតាកឹង ប៉ុស្តិ៍សុខភាពពុទ្រ្ទា មណ្ឌលសុវត្តិភាពវត្តបាក់កាំ និងមណ្ឌលសុវត្តិភាពវត្តទួលអណ្តែត (២)ខេត្តឧត្តរមានជ័យ៖ មណ្ឌលសុខភាពផ្អាវ មណ្ឌលសុខភាពគោកមនសែនជ័យ មណ្ឌលសុខភាពវល្លិ៍យាវ មណ្ឌលសុខភាពបេង មណ្ឌលសុខភាពគោកមន និងមណ្ឌលសុវត្តិភាពវត្តគោកមន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image