ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញអាណត្តិទី២ លើកទី៣។
អង្គប្រជុំមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យគម្រោងផែនការសកម្មភាពឆ្នាំ២០២៧
២.ពិនិត្យ និងអនុម័តគម្រោងផែនការថវិកាចំណូល-ចំណាយឆ្នាំ២០២៧
៣.ពិនិត្យវឌ្ឍនភាពការងារ របស់មជ្ឈមណ្ឌលជាតិ។
អង្គប្រជុំ ក៏បានពិភាក្សាយ៉ាងល្អិតល្អន់លើគម្រោងផែនការសកម្មភាព និងគម្រោងផែនការថវិកាចំណូល-ចំណាយ ឆ្នាំ២០២៧ ដោយបានផ្តោតលើធាតុចូលសំខាន់ៗសម្រាប់ការពង្រឹង រក្សាភាពធន់ និងនិរន្តរភាពស្ថាប័ន រួមមាន ការអភិវឌ្ឍធនធានមនុស្ស ការថែទាំ និងធ្វើទំនើបកម្មឧបករណ៍ពិសោធន៍ សមត្ថភាពបច្ចេកទេស ការពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព ការរក្សាការទទួលស្គាល់ស្តង់ដា ISO/IEC 17025 និង WHO ការពង្រីកវិសាលភាពតេស្ត ការលើកកម្ពស់សមត្ថភាព ផ្តល់សេវាពិសោធន៍ស្របតាមតម្រូវការជាតិ និងអន្តរជាតិ និងកិច្ចសហការផ្សេងៗ។
សូមបញ្ជាក់ថា អង្គប្រជុំមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងជំនួយការអង្គប្រជុំសរុប ចំនួន ១១រូប។