ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លង នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យមើលវឌ្ឍនភាពការងាររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឹឆ្លងនៃក្រសួងសុខាភិបាល។
គោលបំណង ដើម្បីពិនិត្យទៅលើ៖
-វឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក
-ពិនិត្យតួនាទី និងភារកិច្ចរបស់អនុប្រធាននាយកដ្ឋាន និងការិយាល័យនីមួយៗ
-កំណត់ការងារអាទិភាពមួយចំនួន ដើម្បីបន្តអនុវត្តកិច្ចការងារឆ្លើយតបបន្ទាន់
-បញ្ហាប្រឈម និងដំណោះស្រាយ
លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ រួមមាន៖ សូមឱ្យមានការសហការគ្នាឱ្យបានល្អ សូមមានការឆ្លើយតបឱ្យបានរហ័សនូវជំងឺឆ្លងពីសត្វមកមនុស្ស ការពុលម្ហូបអាហារជាដើម និងសូមឱ្យមានរៀបចំការផ្សព្វផ្សាយផែនការពហុវិស័យស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។ បន្ថែមលើនេះ សូមបន្តខិតខំប្រឹងប្រែងក្នុងការងារ ដោយការសាមគ្គីភាព និងបុរេសកម្ម ក្នុងការឈានទៅរកវឌ្ឍនភាពកាន់តែល្អប្រសើរឡើង។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋាន និងលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។