Cambodia
ព័ត៌មានលំអិត

Image
សិក្ខា​សាលា ​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល​លេខ ០២ បប ចុះ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ២០២៥ ស្តីពី​វិធាន​ការ​ហាម​ឃាត់​ការ​នាំ​ចូល ការ​ចែក​ចាយ ការ​លក់ ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​ប្រើប្រាស់ ការកាន់កាប់ ការផលិត និង​ការ​ស្តុក​ទុក​ឧបករណ៍​អេឡិចត្រូនិក និង​សារធាតុ​គីមី​សម្រាប់​ជក់ និងស៊ីស្សា។

ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៦

រាជ​ធានី​ភ្នំពេញ៖ ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា ​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល​លេខ ០២ បប ចុះ​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពី​វិធាន​ការ​ហាម​ឃាត់​ការ​នាំ​ចូល ការ​ចែក​ចាយ ការលក់ ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​ប្រើ​ប្រាស់ ការ​កាន់​កាប់ ការ​ផលិត និង​ការ​ស្តុក​ទុក​ឧបករណ៍​អេឡិច​ត្រូនិក និង​សារ​ធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ីស្សា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជ​ធានី​ភ្នំពេញ។

សិក្ខា​សាលា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង ​បង្កើន​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់ ​នៃ​ផលិតផល​ថ្នាំ​ជក់ និង​ឧបករណ៍​អេឡិច​ត្រូនិក​សម្រាប់​ជក់ ព្រម​ទាំង​ជំរុញ​ការ​អប់រំ​ផ្សព្វផ្សាយ និង​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​លេខ ០២ បប ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ ជា​ពិសេស​កុមារ និង​យុវជន ពី​ហានិភ័យ​នៃ​កា​រប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក ផលិត​ផល​អេចឆ៍ធីភី (HTPs) និង​ស៊ីស្សា។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិតរដ្ឋលេខាធិការ បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់ ​នៃ​ការ​ពង្រឹង​កិច្ច​សហការ​រវាង​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ក្នុង​ការ​អនុវត្ត​លិខិត​បទដ្ឋាន​គតិ​យុត្ត​នានា ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ព្រម​ទាំង​អំពាវ​នាវ​ឱ្យ​ក្រសួង ស្ថាប័ន និង​អង្គ​ភាព​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ជំរុញ​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន ​អំពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំជក់ និង​ឧបករណ៍​អេឡិច​ត្រូនិក​សម្រាប់​ជក់ ដើម្បី​រួម​ចំណែក​ការ​ពារ​សុខភាព​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស​ប្រកប​ដោយ​ចីរភាព។

សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គ​រងបច្ចេកទេសសុខាភិបាល អគ្គរងលេខាធិការដ្ឋាន តំណាងនាយកដ្ឋានពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិ ឃ្លាំងឱសថកណ្ដាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ អង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាព សរុបចំនួន ៦០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image