ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលអាស៊ានទាំង៤ និងតំណាងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ានលេីកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (The 20th ASEAN Senior Official Meeting on Health Development and Related Meetings) តាមប្រព័ន្ធនិម្មិត (Virtual) ដែលប្រទេសម៉ាឡេសុីជាប្រធាន។
កិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន លេីកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖
១.កិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន លេីកទី២០
២.កិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ានបូកបី លេីកទី១៥ (ចិន ជប៉ុន កូរ៉េ)
៣.កិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន-ចិន លេីកទី១៥
៤.កិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី៥
៥.កិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១
៦.កិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន-ជប៉ុន លើកទី១។
គោលបំណងនៃកិច្ចប្រជុំ គឺដេីម្បីពិនិត្យ និងពិភាក្សាវឌ្ឍនភាព បញ្ហាប្រឈម និងកំណត់យុទ្ធសាស្រ្តជាអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ក្នុងក្របខ័ណ្ឌអាស៊ាន រួមមាន៖ ១)បញ្ចប់ផែផែនការសកម្មភាព ឆ្នាំ២០២៦-២០៣០ នៃវិស័យសុខាភិបាល ក្នុងក្របខ័ណ្ឌអាស៊ាន ២)កែសម្រួលយន្តការអភិបាលកិច្ច និងការអនុវត្តកម្មវិធី ក្នុងវិស័យសុខាភិបាលអាស៊ាន ៣)តួនាទី និងភារកិច្ច របស់ក្រុមការងារសុខាភិបាលអាស៊ានទាំងបួន ៤)ធ្វើបច្ចុប្បន្នភាពនីតិវិធី ស្តីពីការចូលរួមរបស់ដៃគូនានា ជាមួយវិស័យសុខាភិបាល ក្នុងក្របខ័ណ្ឌអាស៊ាន។
សូមគូសបញ្ជាក់ថា ឯកសារពាក់ព័ន្ធនៃវិស័យសុខាភិបាល ក្នុងក្របខ័ណ្ឌអាស៊ាន ដែលជាលទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវដាក់ជូន កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៧ (17th ASEAN Health Minister Meeting and Related Meetings) នៅប្រទេសម៉ាឡេស៊ី ពិនិត្យ និងសម្រេច នាពេលខាងមុខ។
កិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន លេីកទី២០ ដឹកនាំដោយឧត្តមមន្ត្រីសុខាភិបាលអាស៊ានប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានវិស័យសុខាភិបាល សហការជាមួយលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) និងមានការអញ្ជើញចូលរួមពីប្រទេសសមាជិកអាស៊ាន ទាំង១១គឺ៖ ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃឡង់ដ៍ ទីម័រឡេស្តេ វៀតណាម លេខាធិការដ្ឋានអាស៊ាន និងដៃគូអភិវឌ្ឍន៍សុខាភិបាលអាស៊ាន៕