Cambodia
ព័ត៌មានលំអិត

Image
ក្រសួងសុខាភិបាល រៀបចំជំនួបជូនពរ និងថ្លែងអំណរគុណចំពោះ Dr. Will Parks តំណាង UNICEF ប្រចាំកម្ពុជា ដែលលោកបញ្ចប់បេសកកម្មការងារនៅកម្ពុជា

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបជូនពរ និងថ្លែងអំណរគុណ ចំពោះ Dr. Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
 
ក្នុងឱកាសនោះ ក្រសួងសុខាភិបាលបានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកដ៏មានសារៈសំខាន់របស់លោកវេជ្ជបណ្ឌិត Dr. Will Parks ក្នុងការពង្រឹងភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ UNICEF ជាពិសេសការគាំទ្រដល់សុខភាព និងសុខុមាលភាពស្ត្រី កុមារ និងយុវវ័យ។
 
ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។
 
ក្រសួងសុខាភិបាល ក៏បានគូសបញ្ជាក់ពីលទ្ធផលជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការជាមួយអង្គការ UNICEF រួមមានការពង្រឹងសេវាសុខភាពមាតា និងទារក ការបង្កើត និងពង្រីកអង្គភាពថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកមួយចំនួន ការគាំទ្រការបំលែងឌីជីថលសុខាភិបាល តាមរយៈ DHIS2 និង Electronic Immunization Record ការងារសុខភាពបរិស្ថាន ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយបរិស្ថានល្អ និងការដំឡើងថាមពលពន្លឺព្រះអាទិត្យនៅមូលដ្ឋានសុខាភិបាល។

ជាការឆ្លើយតបមកវិញ Dr. Will Parks ប្រធានអង្គ្ឭការ UNICEF បានសំដែងអំណរគុណដល់គ្រប់សហភាតរៈសុខាភិបាលទាំងអស់ទូទាំងកម្ពុជាអំពីការខិតខំសហការដ៏ល្អប្រសើរនិងសម្រេចបានរួមគ្នានូវសមិទ្ធិផលសុខាភិបាលសម្រាប់ប្រជាជនកម្ពុជា ពិសេសនោះគឺសុខភាពកុមារ និងស្ត្រីជាមាតា ហើយដែលUNCEF នៅជាមួយកម្ពុជា គ្រប់ពេលវេលា បន្តគាំទ្រសុខភាពមាតា ទារក និងកុមារ។
 
ជាចុងបញ្ចប់ តាងនាមក្រសួងសុខាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរលោកវេជ្ជបណ្ឌិត Will Parks ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងជីវិតនិវត្តន៍ ព្រមទាំងបញ្ជាក់ថា ការរួមចំណែក និងមិត្តភាពដ៏ល្អរបស់លោកនឹងបន្តជាស្នាដៃដ៏មានតម្លៃសម្រាប់កុមារ និងប្រជាជនកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image