ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៥
ខេត្តកំពត៖ ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល និងជាប្រធានគ្រប់គ្រងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការសរសេរនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ស្តង់ដាទទួលស្គាល់គុណភាពសេវាមណ្ឌលសុខភាព។
វគ្គបណ្តុះបណ្តាលនេះផ្តោតលើអ្នកវាយតម្លៃថ្នាក់ការិយាល័យស្រុកប្រតិបត្តិ ចំនួន៥២ មកពីទូទាំង ២៥ រាជធានី ខេត្ត ក្នុងការរៀបចំសរសេរនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ដើម្បីបំពេញទៅតាមស្តង់ដាទទួលស្គាល់គុណភាពសេវា មណ្ឌលសុខភាព និងជម្រុញនូវការអនុវត្តការងារប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធខ្ពស់។ សិក្ខាកាមដែលបានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវណែនាំបង្រៀនបន្តដល់មណ្ឌលសុខភាព នៅក្នុងការិយាល័យស្រុកប្រតិបត្តិរបស់ខ្លួន ក្នុងការកែសម្រួលនីតិវិធីប្រតិបត្តិស្តង់ដានានាឱ្យសមស្របតាមបរិបទ និងធនធានរបស់មណ្ឌលសុខភាពរៀងៗខ្លួន។
វគ្គបណ្តុះបណ្តាលនេះ ក្រុមការងារបានរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ចំនួន១៣ ពីក្នុងក្រុមស្តង់ដា៖ ១- ការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ ២-ការគ្រប់គ្រងធនធានមនុស្ស ៣-សេវាថែទាំអ្នកជំងឺ ៤-ការគ្រប់គ្រងឱសថ និង ៥- បរិស្ថានសុវត្ថិភាពនិងសន្តិសុខមណ្ឌលសុខភាព។
សូមបញ្ជាក់ថាការវាយតម្លៃគុណភាពសេវាមណ្ឌលសុខភាពដោយប្រើប្រាស់សំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាលថ្នាក់ជាតិ កម្រិត២ (NQEMT 2) បានធ្វើឡើងជារៀងរាល់ឆមាសចាប់ពីឆមាសទី២ ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះបាន៣ជុំរួចមកហើយ។ ចំណែកការវាយតម្លៃជុំទី៤នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលនេះនឹងជួយជម្រុញឱ្យលទ្ធផលនៃការវាយតម្លៃនៅជុំបន្តបន្ទាប់មានការកើនឡើងនូវពិន្ទុផងដែរ។
សិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានចំនួន ៧១នាក់ មកពីការិយាល័យស្រុកប្រតិបត្តិ ចំនួន៥២ និងគ្រូសម្របសម្រួលមកពីការិយាល័យធានាគុណភាព នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល។