ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២៥
ខេត្តស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ឆ្នាំ២០២៤ និងលើកទិសដៅសំរាប់អនុវត្តឆ្នាំ២០២៥។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី មន្ត្រីរាជការក្រោមឱវាទមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង គណៈវិជ្ជាជីវៈ មន្ទីរពាក់ព័ន្ធនានានៅជំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីពន្ធធនាគា ស្ថាប័នតុលាការ ស្ថាប័នឯកជន ដៃគូអភិវឌ្ឈ ក្រុមប្រឹក្សាស្រុក មេឃុំ និស្សិត សរុបចំនួន២៧០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើ និងសាកសួសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងការថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាយ៉ាងស្អិតរមួតរបស់ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាល មន្ត្រី បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ដោយសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពជាច្រើនគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៤។
អង្គសន្និបាតប្រព្រឹត្តទៅមានរយៈពេល ២ថ្ងៃ ដោយបានជួបជុំពិភាក្សាពិនិត្យ និងផ្លាស់ប្តូរយោបល់តាមជំនាញ និងបទពិសោធន៍ ដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំបន្តបន្ទាប់ ព្រមទាំងជាធាតុចូលយ៉ាងសំខាន់ ដើម្បីឆ្លើយតបនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងគោលដៅអទិភាព ចំនួន ៩ចំនុច និងវិធានការចំនួន៣ ដែលជាចក្ខុវិស័យជាអាទិភាព របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងទិសដៅរួមគឺការបន្តជំរុញវឌ្ឍនភាពឆ្ពោះទៅសម្រេច គោលដៅ នៃការគ្របដណ្តប់សុខភាពសកលនៅកម្ពុជា ឆ្នាំ២០៣៥។
នៅទីបញ្ចប់ ឯកឧត្តមក៏បានចែកជូននូវលិខិតសរសើរជូនមន្ត្រី រាជការដែលបម្រើការនៅមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ដែលមានស្នាដៃល្អ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍនានាដែលបានជួយជ្រោមជ្រែងដល់វិស័យសុខាភិបាលក្នុងខេត្តស្ទឹងត្រែង សរុបចំនួន៦៩រូប ផងដែរ។