ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែ មិនា ឆ្នាំ២០២៥ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវ គ្រួច រ៉ាយូណែត ទីប្រឹក្សានៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការពិនិត្យនិងសម្រេចលើផែនការសកម្មភាពសម្រាប់អនុវត្ត នៃគម្រោងសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ។
ការធ្វើផែនការសកម្មភាពជំងឺមហារីក បានរៀបចំឡើងដោយផ្អែកលើលទ្ធផលវាយតម្លៃពីតម្រូវការរបស់មន្ទីរពេទ្យ(Needs Assessment)ដែលមានការចូលរួមពីមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យឯកជន មន្ទីរពេទ្យអង្គការ ដែលមានផ្តល់សេវាជំងឺមហារីកនៅរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល(CSO) ដោយការវាយតម្លៃតម្រូវការនៃជំងឺមហារីកបានធ្វើលើ៨(Thematic Areas)។
ក្រសួងសុខាភិបាល ដោយមានការគាំទ្រពីអង្គការ City Cancer Challenge និងការចូលរួមពីមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យឯកជន មន្ទីរពេទ្យជាអង្គការ ដែលមានផ្តល់សេវាជំងឺមហារីក អង្គការសង្គមស៊ីវិល(CSO) និងដៃគូអភិវឌ្ឍន៍ បានរៀបចំបង្កើតនូវផែនការសកម្មភាព សម្រាប់គ្រប់គ្រងជំងឺមហារីកដែលសរុបមានចំនួន១២គម្រោងនិងលទ្ធផលរំពឹងទុក(Outputs)ចំនួន២៧។
កិច្ចប្រជុំបានពិភាក្សាលម្អិតលើសកម្មភាព សម្រាប់អនុវត្ត ការជ្រើសតាំងអ្នកសម្របសម្រួលនៃគម្រោងនីមួយៗ និងបានបញ្ចប់ដោយជោគជ័យ ដោយទទួលបាននូវធាតុចូលដ៏មានសារៈសំខាន់ពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំនូវផែនការសម្មភាពគ្រប់គ្រងជំងឺមហារីក។ ជំហានបន្ទាប់នាយកដ្ឋានជំនាញនឹងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេច និងការរៀបចំចាប់ផ្តើម(Kick off)នៃគម្រោង។
ក្នុងឱកាសនោះដែរ លោកជំទាវ គ្រួច រ៉ាយូណែត បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ តំណាងមន្ទីរពេទ្យជាតិ គ្លីនិកឯកជន និងអង្គការជាដៃគូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់នេះ។ ជាពិសេសលោកជំទាវក៏បានថ្លែងអំណរគុណដល់អង្គការCity Cancer Challenge ដែលបានគាំទ្រក្រសួងសុខាភិបាលទាំងថវិកា និងបច្ចេកទេស។