ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៤ ក្រោមពាក្យស្លោក«មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ឆ្នាំ២០២៤ ក្រោមពាក្យស្លោក «មែនហើយ! យើងអាច បញ្ចប់ជំងឺរបេង បាន» “Yes ! We Can End TB” ដែលប្រព្រឹត្ដទៅវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្ដកំពង់ធំ។

ទិវានេះ ក៏មានអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន បុត្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា, លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា, លោក ជួប សុខចំរើន ប្រធានគម្រោងខមីត និងជានាយកប្រតិបត្តិអង្គការ KHANA រួមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនទៀត។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងថា ថ្ងៃនេះពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាអធិបតីក្នុងពិធីប្រារឰទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៤ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល រួមសហការជាមួយ អង្គការ KHANA។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានបន្ដថាការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឲ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងទៀតថា «ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អ នឹងនាំឲ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា គឺអាស្រ័យលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគតរបស់ប្រទេស»។ ម៉្យាងវិញទៀត ក្រសួងសុខាភិបាលបាន និងកំពុងចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី មានជំនឿថាប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះ បានសង្កត់ធ្ងន់ឲ្យពិភពលោកទាំងមូល មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់អាចបញ្ចប់ជំងឺរបេងបាន ដោយយើងទាំងអស់គ្នារួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឲ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប។

ឆ្លៀតក្នុងឱកាសនោះ តាងនាមឱ្យក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល។

ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងកក់ក្តៅផងដែរ ចំពោះការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត មន្ត្រីរាជការសុខាភិបាលរាជធានី ខេត្ត ស្រុកប្រតិបត្តិ ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវលើការងារកំចាត់រោគរបេង រហូតទទួលបានសមិទ្ធផលជាទីមោទនៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក អង្គការ USAID អង្គការ មូលនិធិសកល អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត ដែលបាននិងកំពុង ជួយឧបត្ថម្ភគាំទ្រដល់ការងារកំចាត់រោគរបេងគ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានអានសារលិខិតទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាពិភពលោកកំចាត់រោគរបេងក្នុងឱកាសនោះផងដែរ។

photo_2024-03-22_13-46-31 photo_2024-03-22_13-46-35

photo_2024-03-22_13-47-15 photo_2024-03-22_13-46-36 photo_2024-03-22_13-46-39 photo_2024-03-22_13-46-52 photo_2024-03-22_13-46-53 photo_2024-03-22_13-46-59 photo_2024-03-22_13-47-15 (2) photo_2024-03-22_13-47-19