ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងក្នុងអង្គប្រជុំដោយស្នើឱ្យគណៈកម្មការទាំងឡាយ និងមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការចុះជួយប្រជាពលរដ្ឋកំឡុងពេលមានគ្រោះរាំងស្ងួត ការពុលអាហារ និងជំងឺរាករូសដែលមកពីកង្វះទឹកស្អាតប្រើប្រាស់ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ដោយត្រូវត្រៀមរៀបចំឱ្យបានទាន់ពេលវេលា ជាពិសេសឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានគ្រប់គ្រាន់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើការប្រើប្រាស់ឱសថ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវជៀសវាងការទុកឱសថហួសសុពលភាពប្រើប្រាស់ ដោយកន្លងមកនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួន អាចគ្រប់គ្រងឱសថដែលមិនឱ្យផុតកំណត់សុពលភាព សូប្បីតែមួយគ្រាប់។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនពរ និងថ្លែងអំណរគុណ កោតសរសើដល់ក្រុមការងារក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេលកន្លងមក ដោយសូមបន្តអនុវត្តសកម្មភាពបែបនេះឱ្យល្អរហូតដូចភ្លៀងរលឹម។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ និងថ្នាក់ដឹកនាំដែលបំពេញភារកិច្ចតាមបណ្តាខេត្តនានា។

photo_2024-02-05_18-57-51 photo_2024-02-05_18-57-52 (2) photo_2024-02-05_18-57-52 photo_2024-02-05_18-57-53 (2) photo_2024-02-05_18-57-53 photo_2024-02-05_18-57-54 (2) photo_2024-02-05_18-57-54 photo_2024-02-05_18-57-55 photo_2024-02-05_18-57-56 (2) photo_2024-02-05_18-57-56