ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Lam Chun-wah, Parson ជានាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Lam Chun-wah, Parson ជានាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង មានទីស្នាក់ការនៅទីក្រុងបាងកក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក Lam Chun-wah, Parson នាយកការិយាល័យ និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។

លោកនាយក Lam Chun-wah, Parson បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតក្នុងជំនួបពិភាក្សាការងារដ៏មានតម្លៃនេះ។ លោកនាយកប្រធានប្រតិភូ ក៏បានបញ្ជាក់អំពីគោលបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការលើកកម្ពស់ការវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល មានដូចជា ឱសថ ផលិតផលសុខភាព ឧបករណ៍វេជ្ជសាស្ត្រ និងការគ្រប់គ្រងមន្ទីរពេទ្យបែបទំនើប។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូន លោកនាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង ៣ចំណុច និងបានសំណូមពរដល់ភាគីមិត្តពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា តាមរយៈការជួយធ្វើទំនើបកម្មក្នុងការផលិតសារអប់រំតាមតាមបច្ចេកវិទ្យាទំនើប AI ឬការផ្ដល់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប និងពិចារណាពីលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យឯកជនលំដាប់អន្តរជាតិ ដែលមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្សគ្រប់គ្រាន់ ការចែករំលែកគំនិត និងចំណេះដឹងក្នុងកាលើកទឹកចិត្តបុគ្កលិកសុខាភិបាលឱ្យស្ម័គ្រចិត្តអាចបំពេញការងារនៅតាមតំបន់ដាច់ស្រយាល ព្រមទាំងស្វាគមន៍ដល់ការចែករំលែកបទពិសោធន៍ ស្ដីពីការផ្តល់សេវាសុខាភិបាលតាមរយៈប្រព័ន្ធពិនិត្យជំងឺពីចំងាយ (Telemedicine) និងការអភិវឌ្ឍន៍ Digital Health។

ជាការឆ្លើយតប លោកនាយកប្រធានប្រតិភូ បានថ្លែងនូវអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងទទួលយកប្រសាសន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងពិចារណាគិតគូពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងស្វាគមន៍អញ្ជើញគណៈប្រតិភូក្រសួងសុខាភិបាល ទៅបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង នាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកនាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង ដែលបានបញ្ជាក់ជំហរ ក្នុងការរួមចំណែកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-02-29_17-47-46 photo_2024-02-29_17-47-46 (2)

photo_2024-02-29_17-47-36 photo_2024-02-29_17-47-37 (2) photo_2024-02-29_17-47-37 photo_2024-02-29_17-47-38 (2) photo_2024-02-29_17-47-38 photo_2024-02-29_17-47-39 photo_2024-02-29_17-47-47 photo_2024-02-29_17-47-48