ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច មណ្ឌលសុខភាពសាលាលេខប្រាំ មណ្ឌលសុខភាពតាជេស និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យលទ្ធភាព ជម្រុញសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

នារសៀលថ្ងៃដដែល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការអរគុណ និងកោតសរសើរ ដល់ថា្នក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការធានាបាននូវនិរន្តរ៍ភាពនៃការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត។ ឯកឧត្តម សាស្រ្តាចារ្យ រដ្ឋមន្រ្តី ក៏បាន ជម្រុញ និងលេីកទឹកចិត្ត ថា្នក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ក្នុងការធានាឱ្យការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយជម្រុញលេីកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ឱ្យកាន់តែល្អប្រសេីរឡេីង និងគ្រ ប់ជ្រុងជ្រោយថែមទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង អគ្គនាយកបច្ចេកទេសសុខាភិបាល និងក្រុមការងារបច្ចេកទេស ព្រមទាំងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំងផងដែរ។photo_2023-08-25_20-07-47 photo_2023-08-25_20-07-54 photo_2023-08-25_20-07-55 photo_2023-08-25_20-07-57 photo_2023-08-25_20-08-18