ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញទស្សនកិច្ច និងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត។

ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យក្នុងគោលបំណងស្វែងយល់ និងផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាអ្នកចង្អុលបង្ហាញផ្លូវដល់សិស្ស-និស្សិត ដែលកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពបន្ថែមទៀត ដែលនឹងក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិ ក្នុងវិស័យសុខាភិបាល ផ្នែកថែទាំ និងផ្តល់សេវាសុខភាពជូនប្រជាជន ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ៩ចំណុច និងអាទិភាព ៣ចំណុច របស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដើម្បីធានាការផ្តល់សេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖
– ការបន្តកែលម្អកម្មវិធីបណ្តុះបណ្តាល ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀត ស្របតាមការវិវត្តន៍នៃវិទ្យាសាស្រ្តសុខាភិបាល។
– ការបន្តកែលម្អគុណភាពបង្រៀន (គរុកោសល្យ) ដល់គ្រូបណ្តុះបណ្តាល។
– បន្តការពិនិត្យ និងពង្រឹងជាពិសេសលើការបង្រៀន និងបណ្តុះបណ្តាលលើចំណេះវិជ្ជាក្រមសីលធម៌ដល់និស្សិត ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនាពេលអនាគត ដើម្បីធានាឱ្យទទួលបានធនធានមនុស្សផ្តល់សេវាសុខាភិបាលប្រកបដោយគុណតម្លៃថ្លៃថ្នូរ និងខ្ពង់ខ្ពស់ គ្រប់ពេលវេលា និងទីកន្លែង។
– កាន់តែខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្ខិតអោយកាន់តែជិតរវាងមន្ទីរពេទ្យ និងសាកលវិទ្យាល័យ ដែលជាថ្នាលបណ្តុះបណ្តាល ទាំងផ្នែកទ្រឹស្តី និងការអនុវត្តដោយក្នុងនោះត្រូវពង្រឹងទាំងវិន័យ និងគុណភាពឱ្យបានច្បាស់លាស់ ក្នុងករណីដែលនិស្សិតចុះកម្មសិក្សានៅតាមអង្គភាពសុខាភិបាលនានា។

បច្ចុប្បន្នសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានមហាវិទ្យាដូចជា ឱសថសាស្ត្រ ទន្តសាស្រ្ត វេជ្ជសាស្ត្រ សុខភាពសាធារណៈ និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត (គិលានុបដ្ឋាក និងឆ្មប) ព្រមទាំងអង្គភាពក្រោមឱវាទដូចជា មជ្ឈមណ្ឌលសុខភាពសាកល និងមន្ទីរពេទ្យសាកលវិទ្យាល័យ ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

photo_2023-09-14_16-07-03 (2) photo_2023-09-14_16-07-03 photo_2023-09-14_16-07-04 (2) photo_2023-09-14_16-07-04 photo_2023-09-14_16-07-06 (2) photo_2023-09-14_16-07-06